ខេត្តកំពង់ឆ្នាំង ៖ ស្ពានឈើមួយកន្លែង ត្រូវបានបាក់ខ្ទេចទាំងស្រុង បន្ទាប់ពីរថយន្ត យីឌុបដឹកឈើមួយគ្រឿង ដែលដឹកលើសចំណុះ ហើយបើកឆ្លងកាត់ស្ពានឈើ ។ ហេតុការណ៍បាក់ស្ពាននេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋពលរដ្ឋនៅទីនោះបានឲ្យដឹងថា ស្ពានឈើមួយនេះ គឺភ្ជាប់ពីភូមិ ទៅភូមិរលាំងនាគ ហើយក៏ជាស្ពានមួយភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ស្ពឺផងដែរ ស្ថិតក្នុងឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ឥឡូវត្រូវបាក់ខ្ទេចអស់ហើយ ដោយសារតែរថយន្តដឹកឈើមួយគ្រឿងបានដឹកច្រើនលើសលប់ ដែលស្ពាននេះមិនអាចទ្រទម្ងន់បាននោះទេ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ការបាក់ស្ពាននេះ គឺបណ្តាលឲ្យមានការស្ទះដំណើររបស់ប្រជាពលរដ្ឋដែលឆ្លងនេះផងដែរ ករណីនេះគឺឲ្យមានរិះគន់ផងដែរថា អាជ្ញាធរ និងសមត្ថកិច្ចដែលបណ្តោយឲ្យរថយន្តដឹកឈើមួយនេះ ឆ្លងកាត់រហូតដល់បាក់ស្ពានបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពួកគាត់នៅទីនោះ ។
ពាក់ព័ន្ធនឹងករណីរថយន្តដឹកឈើធ្វើឲ្យបាក់ស្ពាននេះដែរ លោក ឌួង ហុង អធិការនគរបាលស្រុកសាមគ្គីមានជ័យប្រាប់តាមទូរស័ព្ទនៅរសៀលថ្ងៃនេះថា រថយន្តដឹកឈើនេះ បានដឹកឈើធ្វើផ្ទះយកទៅខេត្តកំពង់ស្ពឺ ។ ជាប្រភេទរថយន្តធុនធំ ហើយបានដឹកឈើ របស់ពលរដ្ឋយកទៅធ្វើផ្ទះ ។ ស្ពានដែលបាក់នេះ ជាស្ពានចាស់ទ្រុឌទ្រោមហើយ និងត្រៀមដោះចេញនៅប្រាំងនេះ ដោយសារស្ពានថ្មីជំនួសនោះ បានធ្វើរួចរាល់ហើយ ។ ក្រោយពីស្ពាននេះត្រូវបានបាក់ប្រជាពលរដ្ឋក្នុងភូមិនេះ ក៏បានជួសជុលរួចរាល់ហើយ នៅព្រឹកថ្ងៃដដែលនោះ ។
គូរបញ្ជាក់ថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ស្ពានចំនួនពីរត្រូវបានបាក់ជាបន្តបន្ទាប់គ្នា ដែលករណីបាក់ស្ពានលើកទីមួយនោះគឺនៅស្រុកទឹកផុសបាក់ស្ពានបេឡេ ដែលបង្ករឡើងដោយរថយន្តដឹកចំណីសត្វ និងស្ពានទី២ គឺជាស្ពានឈើបាក់អស់ខ្ទេចដោយសារតែរថយន្តដឹកឈើបើកឆ្លងកាត់ នៅឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំង ។
ករណីបាក់ស្ពានជាបន្តបន្ទាប់នេះ ប្រជាពលរដ្ឋ បានសំណូមពរ ឲ្យមន្រ្តីជំនាញ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ជួយមើលផងកុំបណ្តែតបណ្តោយឲ្យមានករណីដដែលដូច្នេះទៀត បើយើងការពារមុននោះនឹងបានប្រសើរ មិនខាតបង់ដូចនេះទេ ៕ ចន្ថា