សិង្ហបុរី៖ នៅព្រឹកថ្ងៃទី១៥ ខែ វិច្ឆិកានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា ដែលមានវត្តមានប្រមុខដឹកនាំអាស៊ាន និង ឯឧ ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។
កិច្ចពិភាក្សានេះ គឺបានផ្តោតលើ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងទិសដៅអនាគត»។ មេដឹកនាំនៃប្រទេសអាស៊ានបានស្វាគមន៍ចំពោះលទ្ធផលផ្លែផ្កាអំពីកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា កាលពីខែ មករា ឆ្នាំ២០១៨ នៅទីក្រុងញ៉ូដែលី ជាពិសេស ការអនុម័តសេចក្តីថ្លែងការណ៍ដែលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍២៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា មេដឹកនាំទាំងអស់បានអះអាងអំពីការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើនលើគ្រប់វិស័យ ដែលបានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។
មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ចនៃតំបន់ទាំងពីរ អាស៊ាន-ឥណ្ឌា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹមតែ ៧៣,៥ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅពាណិជ្ជកម្មដែលអាស៊ាន និងឥណ្ឌា បានកំណត់ថានឹងសម្រេចឲ្យបានចំនួន ២០០ប៊ីលានលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២០។ មេដឹកនាំអាស៊ាន-ឥណ្ឌា ក៏បានសន្យារួមគ្នាថា យើងត្រូវខិតខំរួមគ្នាបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែច្រើនឡើងនឹងទូលំទូលាយតាមរយៈការពង្រឹងនិងពង្រីកសកម្មភាពធុរកិច្ច ការវិនិយោគនិងពាណិជ្ជកម្មនៅក្នុងវិស័យដែលមានសក្តានុពលដូចជា កសិ-ឧស្សាហកម្ម ទេសចរណ៍ ផលិតផលឱសថ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាដើម។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ឥណ្ឌាក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជនអាស៊ាន-ឥណ្ឌា តាមរយៈកម្មវិធីអប់រំបណ្តុះបណ្តាលនានាសម្រាប់យុវជន និងនិស្សិតអាស៊ាន។ ជាមួយគ្នានេះកម្ពុជាសូមស្វាគមន៍ក្នុងការកំណត់យកឆ្នាំ ២០១៩ ជាឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា និងសង្ឃឹមថានឹងមានសកម្មភាពនិងគម្រោងនានាជាច្រើនទៀតដើម្បីពង្រឹងនូវការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ក៏ដូចជាលំហូរទេសចរណ៍នៃតំបន់យើងទាំងពីរផងដែរ។
នៅក្នុងពិធីពិសារភោជនាហារការងារពេលព្រឹកមិញដែលភ្ជាប់ទៅនឹងកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា នោះ គឺមេដឹកនាំអាស៊ាន-ឥណ្ឌា បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសរួមរបស់ប្រធានកិច្ចប្រជុំក្រៅផ្លូវការដែលស្ថិតនៅក្នុងបរិយាកាសស្និទ្ធស្នាលនិងរាក់ទាក់បំផុត៕