ប៉ោយប៉ែត៖ ពលករម្នាក់សម្រេចចិត្តបញ្ចប់ជីវិត នៅផ្ទះសំណាក់ភ្នំពេជ្រមិនដឹងមូលហេតុ បង្កកាផ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបន្ទប់២០២ ជាន់ទី១ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
សពជនរងគ្រោះមានឈ្មោះ ខ្វួយ វ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិកន្ទ្រោញ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
សមត្ថកិច្ចប្រាប់ថា យោងតាមការសាក់សួរម្ចាស់ផ្ទះរៀបរាប់ថា សពរងគ្រោះចូលមកដេកផ្ទះសំណាក់របស់គាត់នាថ្ងៃទី២១ ខែវិច្ឆិកា ២០១៨ នៅជាន់ទី១ បន្ទប់២០២ ។ សមត្ថកិច្ចបន្ថែមថា លុះវេលាម៉ោង១២ ថ្ងៃទី២២ ខែឆ្នាំដដែល ម្ចាស់ផ្ទះសំណាក់បានឲ្យកូនចៅទៅគោះទ្វារ ដើម្បីរៀបចំបោសសម្អាតបន្ទប់ ជាច្រើនដងដោយមានការសង្ស័យក៏យកសោនៅសល់ មកចាក់ តែចាក់មិនចេញ ដោយក្នុងបន្ទប់មានចាក់គន្លិះក្នុង ក៏នាំគ្នាសម្រេចចិត្តយកញញួរគាស់បន្ទប់ ស្រាប់តែឃើញជនរងគ្រោះចង កសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹក ដោយយកអាវពណ៌ក្រហម ភ្ជាប់ទៅនឹងចម្រឹងដែកភ្ជួរខោអាវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមិនដឹងមូលហេតុតែម្ដង។
នៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចជំនាញក្រុង និងគ្រូពេទ្យពិនិត្យសពរងគ្រោះ ក្រោយពីការពិនិត្យនៅលើ សពរងគ្រោះសមត្ថកិច្ចប្រាប់បញ្ជាក់ថា ពិតជាចងកសម្លាប់ខ្លួនដោយខ្លួនឯង មិនដឹងមូលហេតុ ព្រោះលើដងខ្លួនមិនមានអ្វីកត់សម្គាល់ទៅនឹងអំពើឃាត្តកម្មឡើយ។
សពរងគ្រោះ ក្រោយពីការពិនិត្យ គឺដឹកមករក្សាទុកនៅក្នុងវត្តបាលិលេយ្យរង់ចាំសាច់ញាតិ បើបងប្អូនណាបាត់សាច់ញាតិ សួមអញ្ជើញមកមើលនៅក្នុងវត្តខាងលើ ៕ វណ្ណា