ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់២នាក់និងរបួសធ្ងន់ម្នាក់នៅក្នុងគ្រោះថ្នាក់ចរាចររថយន្តនិងម៉ូតូបុកគ្នា

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ រថយន្តទូរីសជាមួយ ម៉ូតូ nex បណ្ដាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់ ។ ហេតុការណ៍គ្រោះថ្នាក់ ចរាចរនេះ បានកើតឡើងនៅម៉ោងជាង៥ ព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវព្រះនរោត្ដម ស្ថិតក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណយុវជនដែលស្លាប់២នាក់នោះនៅឡើយទេ ក៏ដូចអ្នករងរបួសធ្ងន់ ផងទេ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តទូរីស ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AB-9170 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជែងរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យជ្រុលទៅប៉ះជាមួយម៉ូតូស៊ុយស៊ូគី nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1CL-4344 ដែលបើកបរ និងរួមដំណើរដោយយុវជន៣នាក់ បើកបរបញ្ច្រាសទិសដៅគ្នា ពេញទំហឹង បណ្ដាលឲ្យយុវជន ២នាក់បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀត របួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្ត ត្រូវបានបុរសម្នាក់ដែលឃើញហេតុការណ៍ដេញតាមចាប់ បានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បឹងកេងកង១ ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោក នៃស្នង ការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ហើយសពជនរងគ្រោះសមត្ថកិច្ចដឹកយកទៅតម្កល់នៅវត្ថទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ


ចែករំលែក៖