ព័ត៌មានទាន់ហេតុការណ៍៖

កូនប្រុសអប្រិយសង្ស័យបែកថ្នាំ បង្កជម្លោះក្នុងគ្រួសារនិងដុតផ្ទះ១ខ្នងឆេះម៉ត់

ចែករំលែក៖

ខេត្តកណ្តាល៖ ផ្ទះឈើមួយខ្នងត្រូវព្រះអគ្គីលេបត្របាក់ខូចខាតស្ទើរទាំងស្រុងបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃសៅរ៍ ២រោច ខែកក្តិក ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ខណៈកូនប្រុសម្ចាស់ផ្ទះសង្ស័យញៀនថ្នាំចាក់សាំងដុតតែម្តង ។

មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ផ្ទះដែលអគ្គិភ័យឆាបឆេះមានទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ សង់អំពីឈើ ថ្មក្រោម ដែលជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះឈ្មោះ អ៊ូ ហ៊ី ភេទប្រុស អាយុ ៦០ ឆ្នាំ មុខរបរនៅផ្ទះ ចំណុចកើតហេតខាងលើ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កូនប្រុសម្ចាស់ផ្ទះឈ្មោះ អ៊ូ សំអឿន អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅជាមួយឪពុកខាងលើដែលទំនងជាទើបមកពីប្រើប្រាស់គ្រឿង ញៀនជ្រុល ចូលដល់ក្នុងផ្ទះអុកឡុកក្រុមគ្រួសារនិងម្តាយរួចថែមទាំងវាយបំបែកចានឆ្នាំង និងកេះដែកកេះដុតផ្ទះរបស់ឪពុកខ្លួនឯងឆេះម៉ត់តែម្តង។ ខណៈដែលមានអគ្គិភ័យនេះកើត ឡើង ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅទីនោះបានចាប់ខ្លួនកូនអប្រិយរូបនេះ យកទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បី សាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ប៉ុន្តែជនសង្ស័យមិនសារភាពក្នុងអំពើដុតបំផ្លាញផ្ទះខ្លួនឯង បណ្តាលឲ្យឆេះទ្រព្យក្នុងរាប់ម៉ឺនរាប់ពាន់ ដុល្លារនោះទេ ។

យ៉ាងណា កម្លាំងនគរបាលក្រុងតាខ្មៅក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ភ្លាមនោះកម្លាំងនគរបាលបានធ្វើការអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅចំនួន៦គ្រឿង ទើបរលត់អស់ជាស្ថាពរនៅម៉ោង២ និង៥០នាទីរសៀលថ្ងៃដដែល ៕ ស្អាងជ័យ


ចែករំលែក៖