ព័ត៌មានទាន់ហេតុការណ៍៖

ក្រជាន់លើក្រ…ទៅស៊ីឈ្នួលកាប់ចម្ការឲ្យគេ ត្រូវបរិស្ថានចាប់ប្តីដាក់គុក ដោះលែងកូនអស់២លានរៀល

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ស្ត្រីវ័យជាង៥០ឆ្នាំម្នាក់បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ នៃក្តីអស់សង្ឃឹមខណៈ(ក្រជាន់លើក្រ ) ហើយប្តីជាទីស្រឡាញ់ត្រូវជាប់ពន្ធនាគារបណ្តោះអាសន្ន ។ ដោយឡែកកូនប្រុសវ័យ១៥ឆ្នាំ ត្រូវបានវិលមកកាន់លំនៅឋានវិញ បន្ទាប់ពីចំណាយប្រាក់អស់ចំនួន២លានរៀល ទៅឲ្យខាងតុលាការទាំងខ្លួនឋិតក្នុងជីវភាពក្រីក្រ លំបាក និងប្រើប្រាស់កម្លាំងពលកម្មស៊ីឈ្នួល ដើម្បីរកកម្រៃដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃនោះ ។

ស្ត្រីឈ្មោះ ប៊ន ផល អាយុ៥៥ឆ្នាំ មុខរបរធ្វើចម្ការ រស់នៅភូមិផ្ទះដើម ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បាននិយាយយ៉ាងដូច្នេះថា៖ កាលពីប៉ុន្មានថ្ងៃមុន ខ្លួនបានធ្វើលិខិតជាលាយលក្ខណ៍អក្សរផងដែរ ដើម្បីស្នើសុំអន្តរាគមន៍ពី លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

អ្នកស្រីបានបញ្ជាក់ថា « ប្តីរបស់គាត់ឈ្មោះ ស៊ន ម៉ន អាយុ៥៣ឆ្នាំ និងមានកូនប្រុស ឈ្មោះ ម៉ន សុភាន អាយុ ១៥ឆ្នាំ ត្រូវបានខាងកម្លាំងសមត្ថកិច្ចបរិស្ថានតំបន់អភិរក្សបឹងពែរ ចាប់ឃាត់ខ្លួន និងបញ្ជូនទៅសាលាដំបូងខេត្ត ឈានដល់ឃុំខ្លួនបណ្តោះអាសន្ន ទៅលើប្តីរបស់គាត់ ហើយកូនប្រុសបានត្រឡប់មកផ្ទះវិញ ប៉ុន្តែត្រូវចំណាយ ប្រាក់ចំនួន២លានរៀល ។ ក្នុងនោះមានទាំងប្រធានភូមិ និងក្រុមប្រឹក្សាឃុំទៅចូលរួមជួយផ្តល់ជាយោបល់ និង សំណូមពរដល់តុលាការ ប៉ុន្តែទីបំផុត អ្នកស្រីត្រូវចំណាយប្រាក់អស់២លានរៀលដដែល ដើម្បីឲ្យកូនរួចផុតពីការ ឃុំខ្លួន» ។

នៅក្នុងលិខិតដាក់ជូនលោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកស្រីបានបញ្ជាក់ថា ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចតំបន់អភិរក្សបឹងពែរ ក្នុង ភូមិសាស្ត្រឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ អ្នកស្រីជាមួយប្តីឈ្មោះ ស៊ន ម៉ន បានគិតគ្នាថា ស្អែកថ្ងៃទី២២ ខែ វិច្ឆិកា ទាំងគាត់និងប្តី ព្រមទាំងកូន បានជិះម៉ូតូទៅស្រះ និងជម្រះដំឡូងនៅឯចម្ការ (បូស្ស) ស្ថិតនៅចំណុចដង ត្រក ក្នុងភូមិសាស្ត្រភូមិផ្ទះដើម ឃុំពពក ។ អ្នកស្រីបន្តថា ៖ លុះព្រឹកឡើងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏ ស្រាប់តែឈ្មោះ ជឹម បូរី បានទូរស័ព្ទមកកាន់ប្តីរបស់គាត់ ក្នុងគោលបំណងឲ្យគ្រួសារគាត់ជួយរកមនុស្សទៅកាប់ ព្រៃចម្ការឲ្យគាត់ (ជឹម បូរី) នៅតំបន់អភិរក្សបឹងពែរ ។ ស្របពេលខ្លួនគ្មានថវិកាផងនោះ ក៏បានសម្រេចចិត្តទៅ ស៊ីឈ្នួលកាប់ឆ្កាព្រៃឲ្យឈ្មោះ ជឹម បូរី ក្នុងតម្លៃមួយថ្ងៃម្នាក់ទទួលបាន៣ម៉ឺនរៀល ។

អ្នកស្រីបន្តថា គាត់នឹងប្តីក៏បាននាំកូនៗ៣នាក់ ទី១-ឈ្មោះ ម៉ន ភី ភេទស្រី ២-យាន តុន ជាកូនប្រសា និងទី៣- ម៉ន សុភាន អាយុ១៥ឆ្នាំ ព្រមទាំងអ្នកជិតខាង២នាក់ទៀត ទៅស៊ីឈ្នួលកាប់ឆ្កាព្រៃដូចគ្នា ដោយប្រើកាំបិត ខ្វែវ ពូថៅ ។ លុះមកដល់វេលាម៉ោង២រសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏ស្រាប់តែឃើញកូនរបស់គាត់ឈ្មោះ ម៉ន ភី និង ឈ្មោះ យាន តុន ព្រមទាំងអ្នកជិតខាង២នាក់ទៀត ត្រឡប់មកផ្ទះវិញ។ ដោយឡែកប្តីគាត់ និងកូន ប្រុសម្នាក់ទៀតវ័យ១៥ឆ្នាំ ត្រូវបានសមត្ថកិច្ចបរិស្ថានតំបន់អភិរក្សបឹងពែរឃាត់ខ្លួន ទើបនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អ្នកស្រីបានទៅជួបមេភូមិ និងក្រុមប្រឹក្សាឃុំ ដើម្បីអោយពួកគាត់ទៅជួយក្នុងកិច្ចការនេះ ស្នើសុំ ខាងបរិស្ថានបានត្រឡប់មកផ្ទះវិញ ។ ផ្ទុយទៅវិញ ខាងបរិស្ថានបានបញ្ជូនប្តី និងកូនប្រុសទៅសាលាដំបូងខេត្ត និងឃុំខ្លួនប្តី នៅថ្ងៃទី២៣វិច្ឆិកានោះ ហើយកូនប្រុសឈ្មោះ ម៉ន សុភាន អាយុ១៥ឆ្នាំ គាត់ក៏បានសម្របសម្រួល អស់ប្រាក់ចំនួន២លានរៀល ទើបបានមកផ្ទះវិញ ។

ប្រជាជននៅឃុំពពក រួមទាំងអាជ្ញាធរភូមិឃុំ បានចាត់ទុកថា លោក ស៊ន ម៉ន ដែលត្រូវតុលាការឃុំខ្លួនបណ្តោះ អាសន្ន គាត់គ្រាន់តែជាជនរងគ្រោះ ក្នុងនាមខ្លួនជាអ្នកស៊ីឈ្នួលកាប់ឆ្កាចម្ការឲ្យគេប៉ុណ្ណោះ ។ ក្នុងនោះសកម្ម ភាពរបស់គាត់ក៏ប្រើកាំបិតខ្វែវជាមធ្យោបាយ មិនមែនមានគ្រឿងចក្រ រណារ ម៉ាស៊ីនត្រង់សឺន័រ ណាមួយក្នុង ចេតនា បំផ្លិចបំផ្លាញ យកដីព្រៃតំបន់អភិរក្សបឹងពែរជាទ្រព្យសម្បត្តិជាកម្មសិទ្ធិរបស់ខ្លួនឡើយ ។ គាត់គ្រាន់តែជា អ្នកស៊ីឈ្នួលដោយប្រើកម្លាំងពលកម្ម ក្នុងមួយថ្ងៃ៣ម៉ឺនរៀលប៉ុណ្ណោះ ។ ដូច្នេះទាំងសមត្ថកិច្ចបរិស្ថាន ក៏ដូចជា ស្ថាប័នតុលាការដែលឯកភាព គួរណាស់ចាត់វិធានការតាមនីតីវិធី ទៅលើម្ចាស់ចម្ការដែលគាត់ជួលមនុស្សទៅ កាប់ឆ្កា ក្នុងបំណងទុច្ចរិតរំលោភយកដីក្នុងតំបន់អភិរក្សបឹងពែរនោះទើប សមហេតុ សមផល ។ មិនត្រូវឃាត់ខ្លួន ជនរងគ្រោះហើយសំយោគបទល្មើសបញ្ជូនទៅសាលាដំបូង ឈានដល់តំណាងអយ្យការចោទប្រកាន់ ហើយ ចៅក្រមសម្រេចឃុំខ្លួនបណ្តោះអាសន្នលើគាត់ជាជនរងគ្រោះ ក៏ដូចជាថ្នូរការដោះលែងកូនជាអនីតិជនយកលុយ រហូតដល់២លានរៀលនោះទេ ។

ប្រជាពលរដ្ឋ និងអាជ្ញាធរគិតថា នេះជាបញ្ហាបន្សល់ទុកនូវភាពដិតដាមអារម្មណ៍ ក៏ដូចជាការឈឺចាប់របស់ពលរដ្ឋក្នុងមូលដ្ឋាន ខណៈពួកគាត់ពេលខ្លះកម្រិតនៃការចេះដឹងទាប ការរស់នៅទទួលបានព័ត៌មាន ក៏ដូចជាការយល់ដឹងពីទិដ្ឋភាពច្បាប់មានកម្រិត ឬក្មេងសេចក្តី ។

ពាក់ព័ន្ធក្នុងករណីនេះ អ្នកស្រី កង សុផល ប្រធានភូមិផ្ទះដើមបានឲ្យដឹងថា អ្នកស្រីពិតជាបានដឹងរឿងនេះ ថាខាងតុលាការយកលុយ២លានរៀលពីប្រពន្ធ និងដោះលែងកូនប្រុសអាយុ១៥ឆ្នាំ ។ អ្នកស្រីបន្តថា ទោះជាខ្ញុំមិន ចូលទៅជួបតុលាការផ្ទាល់ជាមួយប្រពន្ធជនត្រូវចោទក៏ដោយ ក៏ពេលនោះខ្ញុំនៅតុលាការហ្នឹងដែរ ហើយខាង ក្រុមប្រឹក្សាឃុំគាត់ក៏បានចូលទៅសុំតុលាការឲ្យយកត្រឹម១លានរៀលបានហើយ ប៉ុន្តែប្រពន្ធជនត្រូវចោទបាន ប្រាប់ថា ខ្លួនធ្វើកិច្ចសន្យាថាប្រគល់លុយឲ្យគេ២លានរៀលហើយ អ៊ីចឹងក៏សម្រេចឲ្យគេ២លាននោះទៅ ធ្វើយ៉ាង ណាឲ្យកូនបានមកផ្ទះវិញ ។ ដោយឡែក រឿងប្តី ដែលត្រូវតុលាការឃុំខ្លួននោះ ចាំដោះស្រាយពេលក្រោយបន្ត ទៀត ។

មេឃុំពពកបានប្រាប់អង្គភាព «នគរវត្ត» តាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ផងដែរថា ខ្ញុំបានដឹង រឿងនេះដែរថាប្រជាពលរដ្ឋខ្ញុំត្រូវបានខាងសមត្ថកិច្ចបរិស្ថានចាប់ឃាត់ខ្លួន និងឈានដល់ឃុំខ្លួន ។ លោកបន្តថា ចំពោះករណីបញ្ហាចំណាយប្រាក់ឲ្យតុលាការ២លានរៀល ខ្ញុំមិនបានដឹងទេ ដោយសារខ្ញុំមិនបានចូលរួមដោះ ស្រាយនៅតុលាការ ។ បើតាមខ្ញុំដឹង គឺលោកស្រីប្រធានភូមិ និងឃុំប្រឹក្សាឃុំខ្ញុំម្នាក់បានទៅជាមួយប្រពន្ធជនត្រូវ ចោទ ដូច្នេះរឿងអស់លុយឬមិនអស់លុយ អាចពួកគាត់ដឹង ។

លោកមេឃុំបានបញ្ជាក់ផងដែរថា រឿងនេះមិនត្រឹមតែពលរដ្ឋក្នុងមូលដ្ឋានប៉ុណ្ណោះទេ សូម្បីតែខ្ញុំជាមេឃុំ ក៏កំពុង រកវិធីដើម្បីជួយគាត់តាមផ្លូវច្បាប់ ។ ក្នុងនោះប្រពន្ធជនត្រូវចោទក៏បានដាក់ពាក្យអន្តរាគមន៍ទៅកាន់លោកអភិ បាលនៃអណៈអភិបាលខេត្តរួចហើយ តាមរយៈឃុំ-ស្រុក ។ ប៉ុន្តែរឿងនេះ ខ្ញុំទទួលដំណឹងថា នៅថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០១៨ អភិបាលរងខេត្តម្នាក់នឹងចុះមកសិក្សាសាកសួរជុំវិញហេតុការណ៍ក្នុងរឿងនេះដោយផ្ទាល់ ។ ដូច្នេះ ខ្ញុំក៏ពុំទាន់បញ្ជូនលិខិតសុំអន្តរាគមន៍នេះទៅដល់អភិបាលខេត្តនៅឡើយទេ ។

លោក លី ស្រេង ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំបានប្រាប់អង្គភាព«នគរវត្ត»តាមទូរស័ព្ទយ៉ាងដូច្នេះថា តាមផ្លូវ ច្បាប់អ្នកប្រព្រឹត្តត្រូវតែទទួល មិនមែនខ្លួនជាចោរទៅប្រព្រឹត្ត រួចហើយថា ខ្លួនពុំបានដឹងថារឿងនេះល្មើសច្បាប់ នោះឡើយ ។ លោក លី ស្រេង បញ្ជាក់ថា តំបន់អភិរក្សបឹងពែរ ត្រូវបានអភិរក្ស ដូច្នេះទោះជនណាក៏ដោយ ឲ្យ តែកាប់បំផ្លាញ ក្នុងនាមខ្ញុំក៏ដូចជាមន្ត្រីគ្រប់គ្រងនៅតំបន់នោះ ជាមន្ត្រីនគរបាលយុត្តិធម៌ចាំបាច់ត្រូវចាប់ឃាត់ខ្លួន ធ្វើកំណត់ហេតុស្តាប់ចម្លើយតាមនីតិវិធីនៃជំនាញរបស់ខ្ញុំកសាងសំណុំរឿងសំយោគបទល្មើសទៅសាលាដំបូង ។ លោកបន្តថា រឿងអយ្យការចោទប្រកាន់ ចៅក្រមឃុំខ្លួន ឬលេចឮមានករណីបង់លុយ បង់ប្រាក់ដោះលែងកូនគាត់នោះ ជារឿងរបស់តុលាការ មិនមែនស្ថិតនៅក្នុងដែនសមត្ថកិច្ចការងាររបស់មន្ត្រីនគរបាលយុត្តិធម៌ខាងបរិស្ថាននោះឡើយ ។

លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំបានប្រាប់អង្គភាព«នគរវត្ត»តាមទូរស័ព្ទផងដែរថា ខ្ញុំពុំទាន់ បានទទួលនូវលិខិតស្នើសុំពីពលរដ្ឋមកខ្ញុំនៅឡើយទេ ប៉ុន្តែតាមផ្លូវច្បាប់អ្វីដែលប្រព្រឹត្តខុសពីច្បាប់ ចាំបាច់ត្រូវ ទទួលខុសត្រូវចំពោះមុខច្បាប់ ។ លោកបន្តថា ជាញឹកញាប់ លោកតែងណែនាំពន្យល់ដល់ពលរដ្ឋតាមមូលដ្ឋាន និងបញ្ជាក់ប្រាប់ក្នុងកិច្ចប្រជុំជាញឹកញាប់ កុំឲ្យមានបទល្មើសកើតឡើងទៅតាមតំបន់ហាមឃាត់ កាប់បំផ្លាញព្រៃ ឈើ កាប់ឆ្កាព្រៃនៅក្នុងតំបន់អភិរក្សរក្សាការពារដែលជាទ្រព្យសម្បត្តិធនធានធម្មជាតិរបស់រដ្ឋ ។

លោកអភិបាល ខេត្តបានបញ្ជាក់ថា ក្នុងករណីនេះ ខ្ញុំក៏ត្រូវពិនិត្យពិចារណាពីទិដ្ឋភាពច្បាប់ដើម្បីជួយការពារប្រជា ពលរដ្ឋ ប្រសិនបើគាត់ពុំបានប្រព្រឹត្តល្មើស ។ ក្នុងនោះ លោកទទួលស្គាល់ថា អ្នកដែលបញ្ជា ឬជួលមនុស្សឲ្យ ទៅកាប់ឆ្កាព្រៃនៅតំបន់អភិរក្សបឹងពែរ ក៏មិនអាចជៀសផុតពីផ្លូវច្បាប់នោះដែរ ព្រោះតុលាការកំពុងដំណើរការនីតិវិធី អាចឈានស្វែងរកនូវមុខសញ្ញាអ្នកពាក់ព័ន្ធដូចជាម្ចាស់ចម្ការនេះជាដើម….។

លោក អ៊ិត សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពុងធំបានប្រាប់អង្គភាព«នគរវត្ត»ថា រឿងនេះ កំពុងស្ថិតនៅដំណាក់កាលស៊ើបសួរដំណើរការនីតិវិធី និងបន្តស៊ើបរកជនពាក់ព័ន្ធមួយចំនួនទៀតដែលនឹងអាច កោះហៅ ។ លោកព្រះរាជអាជ្ញាបន្តថា ចំពោះការលើកឡើងក៏ដូចជារិះគន់ថាប្រពន្ធជនត្រូវចោទបង់លុយឲ្យ តុលាការ២លានរៀល ជាថ្នូរឲ្យកូនប្រុសទៅផ្ទះវិញ នោះជារឿងមិនពិត ពីព្រោះអ្នកមិនពាក់ព័ន្ធនឹងបទល្មើស ហើយជាអនីតិជនចាំបាច់ត្រូវឲ្យគាត់ត្រឡប់ទៅផ្ទះវិញ ។ ផ្ទុយទៅវិញ បើប្រពន្ធគាត់ពិតជាចំណាយប្រាក់២លាន រៀលឲ្យទៅតុលាការ ឬអ្នកណាមួយ អ្នកនោះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ មិនមែនជារឿងស្រួលៗនោះ ឡើយ ។

លោក អ៊ិត សុធា បញ្ជាក់ថា ខ្ញុំដាច់ខាតមិនប៉ះពាល់ចំពោះលុយពីជនរងគ្រោះ ឬជនសង្ស័យដែលជាអំពើល្មើស ច្បាប់ ។ ដូច្នេះបើគាត់បានប្រគល់លុយឲ្យអ្នកណា ទៅជួបអ្នកនោះយកលុយពីគេវិញ ឬមានសិទ្ធិប្តឹងទៅតាមផ្លូវ ច្បាប់ដោយគ្មានការយោគយល់ ។

បើទោះជាអាជ្ញាធរ សមត្ថកិច្ចជំនាញនិងស្ថាប័នតុលាការបកស្រាយខាងលើបែបនេះក៏ដោយ ក៏លេចឮថាមន្ត្រី នគរបាលយុត្តិធម៌ខាងបរិស្ថាន អាចប្រើវិធីឃាត់ខ្លួនជនរងគ្រោះដែលជាអ្នកស៊ីឈ្នួលកាប់ឆ្ការព្រៃឲ្យម្ចាស់ចម្ការ ដើម្បីឈានដល់យកផលប្រយោជន៍ពីម្ចាស់ចម្ការជាមេខ្លោង អ្នកផ្តើមគំនិតក្នុងផលប្រយោជន៍ណាមួយ ខណៈជនរងគ្រោះជាប់គុក ដោយឡែកម្ចាស់ចម្ការបែរជារួចខ្លួន ហើយរឿងនេះក៏ចាត់ទុកជាកម្មវត្ថុមួយដែល សាលាដំបូង និងអាជ្ញាធរខេត្តកំពង់ធំ ត្រូវសិក្សាស្រាវជ្រាវ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនពលរដ្ឋក្នុងមូលដ្ឋាននោះ ផងដែរ ៕ សុខ ខេមរា


ចែករំលែក៖