ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាចោរឆក់កាបូបពីនារីម្នាក់បានសម្រេច កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចក្រុមទី៣ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ហើយព្យាយាមរត់គេចខ្លួនបានមួយថ្ងៃក៏ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួន កាលពីវេលាម៉ោង២រសៀល ថ្ងៃសុក្រ ៨រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យទី១.ឈ្មោះ លី រ៉ាហ្សាគីរីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ៤២ ផ្លូវលេខ៩ ក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ មុខរបរនៅផ្ទះ និងទី២.ឈ្មោះ រ៉ា ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុម៥ ភូមិខ.១ សង្កាត់ច្រាំចំរេះ២ មុខរបរ នៅផ្ទះ អ្នកទាំង២ មានសារធាតុញៀនក្នុងខ្លួន។ចំណែកជនរងគ្រោះឈ្មោះ សំ សូម៉ាណែត ភេទស្រី អាយុ២៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ៥១០ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ ។ សម្ភារដកហូតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកយ៉ាម៉ាហា ស៊ូរូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពញ ១BY ១២៦៣ ។
យោងតាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានដើរថ្មើរជើងតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវជនសង្ស័យ ធ្វើសកម្មភាពឆក់យកកាបូបបានសម្រេចតែម្តង រួចជិះគេចខ្លួនបាត់ស្រមោល ។ ហើយនារីរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹង ភ្លាមៗនោះទេ លុះដល់ព្រឹកឡើងថ្ងៃទី៣០ ខែវិច្ឆិកា ២០១៨វេលាម៉ោង១០ព្រឹក ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដោយទូរស័ព្ទជនរងគ្រោះ ជាប់ប្រព័ន្ធ ជី.ភី.អេស ទើបកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យ២នាក់ នៅវេលាម៉ោង២រសៀល ថ្ងៃ ខែ ឆ្នាំដដែល ស្ថិតនៅចំណុចក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បើកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី ៕ អារុណរះ