ព័ត៌មានទាន់ហេតុការណ៍៖

បាត់ស្លាកលេខរថយន្តជាងកន្លះខែ ស្រាប់តែប្រទះឃើញពាក់នៅរថយន្តផ្សេង ប្តឹងសមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួនបន្ទាប់ពីរូបគេជាប់ពាក់ព័ន្ធករណីក្លែងលិខិតសាធារណ: ក្លែងប័ណ្ណសំគាល់យានយន្ត (ពាក់ស្លាកលេខក្លែងក្លាយ) ។

ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចស្ថានីយប្រេងឥន្ទនៈPTT ផ្លូវលេខ១៨០០ ក្រុមទី៥ ភូមិទួលពពែរ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ រ៉ន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់ នៅភូមិកែវឡាប ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង មានស្រុកកំណើត ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង មុខរបរ កម្មកររោងចក្រ ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ជា ម៉ារ៉ាឌី ភេទស្រី អាយុ២៤ឆ្នាំ បានបាត់ស្លាកលេខរយន្តរបស់ខ្លួនដែលមានលេខ 2AI-3800 ដែលបំពាក់លើរថយន្តម៉ាកព្រូស ពណ៌ស ។ លុះដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានប្រទះឃើញស្លាកលេខរបស់ខ្លួនដែលបាត់នោះបំពាក់លើរថយន្តតូយ៉ូតា ព្រូស ពណ៍ស ស៊េរី២០១០ ទៅវិញ ភ្លាមនោះក៏រាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួន ជនសង្ស័យតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ច បានត្រួតពិនិត្យមើលជាក់ស្តែងរកឃើញថា មានប័ណ្ណសម្គាល់យានយន្ត ដែលជនសង្ស័យបានក្លែងលិខិតនេះសម្រាប់ដាក់លើរថយន្តតូយ៉ូតា ។ វត្ថុតាងដកហូតបានរួមមាន៖ កាតគ្រីរថយន្តម៉ាកតូយ៉ូតា ព្រូស ស៊េរី២០១០ ស្លាកលេខ 2AI-3800 និងរថយន្តមួយគ្រឿងម៉ាក ព្រូស ពណ៌សរ ពាក់ស្លាកលេខ 2AI-3800 ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងទៅតុលាការចាត់ការតាមនិតិវិធី ៕អារុណរះ


ចែករំលែក៖