ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូធ្វើមាតុភូមិនិវត្តន៍

ចែករំលែក៖

ភ្នំពេញ៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពហើយបន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់រយៈពេល៣ថ្ងៃកន្លងមកនេះ។

ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ គឺទទួលបានលទ្ធផលផ្លែផ្លាគួរជាទីមោទនភាព ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងជំនួបទ្វេភាគីជាមួយ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ផងដែរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃប្រទេសទំាងពីរ ក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ផងដែរ ដែលផ្តោតទៅលើ ការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ ជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។

ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកអំពី “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។ នៅក្នុងពេលស្នាក់នៅក្នុងប្រទេសនេប៉ាល់ សម្តេចតេជោ ក៏បានអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕


ចែករំលែក៖