ភ្នំពេញ៖ នារីម្នាក់បានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យកាល់ម៉ែត ក្រោយពេលបើកម៉ូតូបុកខឿនចិញ្ចើមផ្លូវ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោងជាង១១យប់ ថ្ងៃសុក្រ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ២ ខាងមុខរោងចក្រផលិតផ្លាស្ទិក ជិតមជ្ឈមណ្ឌលម៉ូឌែន២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ នារីរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។
ប្រភពពត៌មានពីបងប្រុសម្នាក់ ដែលជាអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គាត់ឃើញនារីរងគ្រោះ ទើបចេញពីក្លឹបមួយនៅចាក់អង្រែ ហើយបានជិះមួយគ្រឿង ម៉ាក Suzuki Nex ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្ដាល 1T-9561 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់ជ្រុលចង្កូតទៅបុកខឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យដួលបោកក្បាល រងរបួសធ្ងន់ ហើយត្រូវប្រជាពលរដ្ឋដែលជាអ្នកឃើញរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងជួយទាក់ទងរថយន្តគ្លីនិកឯកជន មហានគរ មកដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ហើយបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ផ្នែកចរាចរខណ្ឌមានជ័យ ចុះមកយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ។ ចំណែកសពនារីរងគ្រោះត្រូវបានយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំប្រកាសរកសាច់ញាតិក្រុមគ្រួសារ អោយមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជ្រោយពេជ្រ