ព័ត៌មានទាន់ហេតុការណ៍៖

យស បូវណ្ណៈ សន្យាមិនចោលការសម្តែង ក្រោយវិលមកកម្ពូជាសម្តែងរឿង លោកឪពុក

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងជើងចាស់ ល្បីឈ្មោះ ក្នុងទសវត្សរ៍ទី៩០ លោក យស បូវណ្ណៈ បានបង្ហាញមុខដ៏គួរឲ្យភ្ញាក់ផ្អើលនៅកម្ពុជាគឺពេល ដែលលោកវិលមករកការសម្តែងវិញជាថ្មីតាមរយៈការអញ្ជើញពីផលិតកម្មមហាហង្ស ។ តារាសម្តែងរូបនេះបានសន្យាថា នឹងបន្តការសម្តែងភាពយន្តឡើងវិញ ពិសេស និងមិនចោលសកម្មភាពសិល្បៈ និងបង្ហាញវប្បធម៌ទៅកាន់ពិភពលោក ។

ការបញ្ជាក់នេះធ្វើឡើងក្នុងពិធីជប់លៀង ទទួលស្វាគមន៍វត្តមានរបស់តារារូបនេះមួយម៉ោង ក្រោយតារាសម្តែងជើងចាស់ លោក យស បូវណ្ណៈចុះពីលើយន្តហោះ មកដល់ទឹកដីកំណើតកាលពីព្រឹកថ្ងៃទី០២ខែធ្នូឆ្នាំ២០១៨នេះ ។ តារារូបនេះបញ្ជាក់ថានេះជាលើកទី៤ហើយ ដែលលោកបានមកដល់ទឹកដីកំណើតបន្ទាប់ពីលោកបានចេញទៅរស់នៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០០៤មក ។

លោកថា លោកពិតជាមានក្តីនឹករលឹកជាខ្លាំងចំពោះទឹកដីកំណើត នឹករលឹកប្រជាជនខ្មែរ មិត្តភ័ក្កិសាច់ញាតិនៅទីនេះ ។

លោកថា មកទឹកដីកំណើតលើកនេះខុសពីលើកមុនៗ ព្រោះតែមានការរៀបចំពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសិល្បករ ផលិតករ ហើយអ្វី ដែលកាន់តែប្លែកគឺលោកសម្រេចចិត្តវិលរកការសម្តែងជាថ្មីក្រោយខកខានអស់ជាច្រើនឆ្នាំ ។ តារាសម្តែងវ័យ៥៣ឆ្នាំរូបនេះលើកឡើងដែរថាកន្លងមកក៏មានផលិតកម្មមួយចំនួនបានស្នើឲ្យលោកវិលរកការសម្តែងដែរប៉ុន្តែលោកមិនមានពេលគ្រប់គ្រាន់ ហើយពេលនេះស្របតាមការអញ្ជើញរបស់ផលិតកម្មមហាហង្ស តបតាមការសំណូមពរ និងតាមការសន្យារបស់លោកគឺលោកបានមកបង្ហាញខ្លួនក្នុងការងារសិល្បៈជាថ្មី ។

តារារូបនេះបញ្ជាកថាទោះចាកចេញពីទឹកដីកំណើតទៅរស់នៅរដ្ឋកាលីហ្វ័ញ៉ាសហរដ្ឋអាមេរិកក្តីក៏លោកនៅតែបន្តជួយជំរុញលើកទឹកចិត្ត សិល្បករក្នុង និងក្រៅស្រុក តាមរយៈសកម្មភាពចូលរួមគាំទ្រ និងបង្ហាញស្នាដៃ ទស្សនីយភាព

សិល្បៈមួយចំនួននៅសហរដ្ឋអាមេរិកផងដែរ ហើយលោកក៏តែងជំរុញឲ្យមានកម្មវិធីជួបជុំអ្នកសិល្បៈជើងចាស់នៅទីនោះផងដែរ ។

លោកបញ្ជាក់ថា មុនពេលត្រឡប់ទៅវិញនៅថ្ងៃទី១៩ខែធ្នូខាងមុខលោកនឹងចូលរួមសម្តែងក្នុងភាពយន្តរឿង លោកឪពុក ដែលផលិតដោយផលិតកម្មមហាហង្ស ហើយលោកនឹងត្រូវចំណាយពេលយ៉ាងតិច១០ថ្ងៃសម្រាប់ការថតភាពយន្តនេះ ដែលោកក៏នឹងចំណាយពេលជួបជុំសាច់ញាតិ មិត្តរួមអាជីព និងដំណើរកម្សាន្តនៅលើទឹកដីនៃខេត្តសៀមរាបផងដែរ ។

លោកបញ្ជាក់ដែរថា ភាពយន្ត ដែលលោកគ្រោងសម្តែងគឺជាភាពយន្តបែបអប់រំ ដែលមានលោកនឹងសម្តែងជាតួឪពុកអបដោយសិល្បករួមជំនាន់ និងសិល្បករជំនាក់ក្រោយជាច្រើនទៀត ។ លោកក៏សន្យាថានឹងនៅតែបន្តការទទួលយកការងារសម្តែងសម្រាប់ភាពយន្តបន្តទៀតប្រសិនបើមានពេលវេលាគ្រប់គ្រាន់ ។ ភាពយន្តថ្មីនេះក៏លោកនឹងខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពដើម្បីមប្រើការកម្សាន្ត និងតបតាមការនឹករលឹករបស់ទស្សនិកជន ។

ចាងហ្វាងផលិតកម្មមហាហង្ស បានថ្លែងសារអរគុណចំពោះសិល្បករជើងចាស់ លោក យស បូវណ្ណៈ ដែលទទួលយកការអញ្ជើញរបសផលិតកម្ម និងតបតាមការសំណូមពររបស់ទស្សនិកជន ដែលទទូចចង់ឲ្យតារារូបនេះវិលរកការសម្តែងជាថ្មី ។

លោកថាលោកយស បូវណ្ណៈនឹងសម្តែងជាតួអង្គឪពុកម្នាក់ក្នុងចំណោមឪពុក៣នាក់ នៅក្នុងសាច់រឿង ដែលជាឪពុកលះបង់ខ្ពស់សុខចិត្តពលិកម្មគ្រប់បែបយ៉ាងដើម្បីសេចក្តីសុខរបស់គ្រួសារពិសេសកូនៗ ហើយតារាសម្តែងរូបនេះក៏នឹងជួបសម្តែងជាមួយដៃគូចាស់គឺអ្នកស្រី ចាន់ តារាទីផងដែរ ។

លោកថាជាភាពយន្តខ្នាតធំបែបអប់រំប្រចាំឆ្នាំ របស់ផលិតកម្ម ភាពយន្តនេះនឹងត្រូវដាក់បញ្ចូលទៅចូលរួមប្រកួតក្នុងមហោស្របជាតិប្រចាំឆ្នាំផងដែរ ។

គួរបញ្ជាក់ដែរថាភាពយន្ត លោកឪពុក នឹងត្រូវចាប់ផ្តើមចេញថតចាប់ពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះតទៅ ដែលមានតារាសម្តែង៤ជំនាន់សម្តែងរួមគ្នាមានដូចជាលោក យស បូវណ្ណៈ អ្នកស្រី ចាន់តារាទី លោក ហម ឈរ៉ា លោក ភឹមតារាវិបុល អ្នកនាង ភិន សុដាលីស កុមារីសុមនា កុមារី ជី ឈិងលីន ជាដើម៕ វឌ្ឍនា


ចែករំលែក៖