ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបែនដឹកដី បើកបុកកៀរម៉ូតូបុរសម្នាក់ ចូលក្រោមរថយន្តអូសប្រហែល៣០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែត្រូវរថយន្តបែនដឹកដីធុនធំមួយគ្រឿង បើកចូលគន្លងម៉ូតូរួចបុកកៀរពីក្រោយ ហើយកិនពីលើម៉ូតូ និងមនុស្សអូសទៅជាមួយគ្នា ប្រហែល៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៍ នៅក្រោមកង់រថយន្តបែនដឹកដី ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨នេះ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ នៅត្រង់ចំណុចជិតបន្ទាយកងពលតូចលេខ៧០ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ អ៊ួង សុភា ភេទប្រុស អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅស្រុករមាសហែក ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FC-0701 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបែនដឹកដីធុនធំមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-1271 បើកចូលមកគន្លងម៉ូតូរួចបុកកៀរពីក្រោយម៉ូតូរងគ្រោះ ហើយកិនពីលើម៉ូតូ និងអ្នកបើកបរអូសទៅជាមួយគ្នាប្រហែល៣០ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះស្លាប់យ៉ាងអាណោចអាធម៍ នៅក្រោមកង់រថយន្តបង្ក និងសាកសពត្រូវបានបែកសាច់ខ្ទេច គួរឲ្យរន្ធត់ ។ ចំណែកអ្នកបើកបររថយន្តបង្ក បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តកិនជាប់មនុស្ស និងម៉ូតូក្រោមកង់រថយន្តនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ ។រីឯសពជនរងគ្រោះ សមត្ថកិច្ចដឹកបញ្ជូនទៅតម្កល់ទុកនៅវត្តទឹកថ្លា ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ សុខា សែនជ័យ


ចែករំលែក៖