ភ្នំពេញ៖ ជនសង្ស័័យម្នាក់ក្នុងចំណោមបក្ខពួក៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ខណៈរូបគេបានធ្វើសកម្មភាពលួចយកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេច ។ ករណីឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង០៤ និង៣០នាទីទៀបភ្លឺ នៅចំណុចតាមផ្លូវបេតុង ភូមិអ័កគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ គិន ខាវ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវ១៣២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (មានសារធាតុញៀន) ។ ចំណែកជនរងគ្រោះ (រកមិនទាន់ឃើញ) ។ សម្ភារៈបន្សល់ទុក ៖ ម៉ូតូចំនួន០១គ្រឿង ម៉ាកនិក ពណ៌ស ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BI-3248(ម៉ូតូជនសង្ស័យលួច) ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍អូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រលុះដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០៣នាក់ កំពុងនាំគ្នាបណ្តើរម៉ូតូ០១គ្រឿងតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យសួរនាំ រួចកម្លាំងនាំខ្លួនជនសង្ស័យរួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកបក្ខពួកជនសង្ស័យចំនួន០២នាក់ទៀតគេចខ្លួន (ឈ្មោះ ខុង , និងម្នាក់ទៀតមិនស្គាល់ឈ្មោះ) ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយប្រាប់ថា ម៉ូតូដែលខ្លួនបណ្តើនេះគឺមិនដឹងថាបក្ខពួករបស់ខ្លួនលួច បានពីកន្លែងណាទេ ហើយរូបគេគ្រាន់តែជួយបណ្តើម៉ូតូនោះយកទៅឲ្យបក្ខពួកខ្លួនតែប៉ុណ្ណោះ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ តុងសីហា