ព័ត៌មានទាន់ហេតុការណ៍៖

រីករាយពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ថ្ងៃទី១នៅខេត្តកោះកុង

ចែករំលែក៖

កោះកុង៖ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍បុណ្យសមុទ្រដែលព្រះរាជាណាចក្រកម្ពុជាត្រូវរៀបចំជាប្រចាំរៀងរាល់ឆ្នាំតាមខេត្តដែលស្ថិតជាប់នឹងតំបន់ឆ្នេរសមុទ្រហើយសម្រាប់ឆ្នាំនេះ ខេត្តកោះកុងត្រូវទទួលរៀបចំធ្វើសម្រាប់ពិធីបុណ្យសមុទ្រលើកទី៧ជុំទី២ ឆ្នាំ២០១៨នេះ។

ឆ្នាំនេះក៏មិនខុសពីរៀងរាល់ឆ្នាំដែរ ព្រឹត្តិការណ៍សំខាន់ៗនៅក្នុងពិធីបុណ្យសមុទ្រនេះ គឺមាន​ការតាំងពិព័រណ៌ទំនិញ, ផលិតផលក្នុងស្រុក និងក្រៅស្រុក, ពិពរណ៌មុខម្ហូប, ភេជ្ជៈ ,ព្រឹត្តិការណ៍កីឡា ​, ប្រគំ​តន្ត្រី​ ជាមួយនឹងឈុតឆាកសិល្បៈផ្សេងៗជាច្រើន ទៀត។

ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២នេះ បានរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ នៅទីរួមខេត្តកោះកុង ហើយនៅថ្ងៃស្អែកនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកផ្លូវការនៃពិធីបុណ្យសមុទ្រឆ្នាំនេះ។

ដោយសារកម្ពុជាទទួលបានសុខសន្តិភាពពេញផ្ទៃប្រទេស​ដូចសព្វថ្ងៃ​ ទេីបយេីងមានឱកាសបានប្រារពនូវកម្មវិធីបុណ្យសមុទ្រជារៀងរាល់ឆ្នាំ​ ក៏ដូចជាពិធីបុណ្យជាតិធំៗជាច្រេីនទៀត​ ដេីម្បីអោយបងប្អូនប្រជាពលរដ្ឋទទួលបានភាពសប្បាយរីករាយ​ ជាពិសេសធ្វេីអោយភ្ញៀវអន្តរជាតិកាន់តែស្គាល់ពីកម្ពុជាកាន់តែខ្លាំងឡេីងបន្ថែមទៀត។

សូមបងប្អូនប្រជាពលរដ្ឋ​ ភ្ញៀវទេសចរណ៍ជាតិ​ និងភ្ញៀវទេសចរណ៍អន្តរជាតិ​ មកលេងកម្សាន្តក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះអោយបានច្រេីនកុះករ​ ជាពិសេស​ សូមស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បង្កើនការយកចិត្តទុកដាក់ខ្ពស់ ការពារសុវត្តិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលមកលេងបុណ្យសមុទ្រក្នុងរយៈពេល០៣ថ្ងៃនេះ។

សូមឱ្យប្រជាពលរដ្ឋនិង ភ្ញៀវទេសចរទាំងអស់ទទួលបាននូវភាពរីករាយនៅក្នុងឱកាសនៃការចូលរួមព្រឹត្តិការណ៍បុណ្យសមុទ្រនៅក្រុងខេមរភូមិន្ទ​ ខេត្តកោះកុង​ ឆ្នាំនេះ៕


ចែករំលែក៖