ខេត្តក្រចេះ៖ លោកកើត ដារាស៊ី ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ ច្រកអន្តរជាតិត្រពាំងស្រែ វ៉ាលឺ មិនទាន់បោះបង់ចោលនូវចរិកដឹកនាំនៃវប្បធម៌ពុករលួយ គាប់សង្កត់ឈ្មួញឲ្យបង់ប្រាក់ ផ្ទុយអំពីតួនាទីភារកិច្ចរបស់ខ្លួន ដែលមានចែងនៅក្នុងអនុក្រឹត្យលេខ៦៤ ។
គេបានលួចបង្ហើបថា យ៉ាងតិចមានរថយន្តនិងក្រុមហ៊ុនដឹកជញ្ជូនប្រមាណជា៣ទៅ៤ក្រុមហ៊ុន ត្រូវដឹកទំនិញឆ្លងកាត់ច្រកត្រពាំងស្រែវ៉ាលឺ គេចមិនផុតពីការបង់ប្រាក់ក្បាលឡានឲ្យទៅលោកកើត ដារាស៊ី ក្នុងមួយឡានចំនួន១៥០ដុល្លារ ២៥០ដុល្លារ ដល់៣០០ដុល្លារ ។ ការតម្រូវឲ្យបង់ប្រាក់ក្បាលឡានបែបនេះ កើត ដារាស៊ី ពុំបានគិតថា ការដឹកជញ្ជូនស្របច្បាប់ ឬគ្មានច្បាប់នោះទេ ខ្លួនប្រើឥទ្ធិពលអំណាច តាមរយៈមានសិទ្ធិគ្រប់គ្រងបារ៉ាស់កុងត្រូល មានពេលខ្លះ ដោយសារឥទ្ធិពលនៃអំណាចទឹកលុយ ស្របពេលលោកកើត ដារាស៊ី ស្រក់ទឹកមាត់ផងនោះ ថែមទាំងអនុញ្ញាតបើកបារ៉ាសឲ្យឈ្មួញដឹកទំនិញឆ្លងកាត់ ក្រៅម៉ោងរដ្ឋបាល ដូចជាពេលយប់នេះជាដើម ។
ក្រុមមន្ត្រីក្រោមឱវាទរបស់លោក អ្នកខ្លះលួចខ្សឹបខ្សៀវថា លោកកើត ដារាស៊ី គិតតែពីរឿងចូល ដោយឡែកសម្រាប់អ្នកចាប់ បានរស់ត្រឹមតែមួយគែៗ និងរងការស្តីបន្ទោសជាញឹកញាប់ ហើយការគ្រប់គ្រងរបស់គាត់ ហាក់បីដូចជាគ្របដណ្តប់ទៅលើសមត្ថកិច្ចដទៃទៀតខុសពីតួនាទីរបស់ខ្លួននៅក្នុងអនុក្រឹត្យលេខ៦៤ ។ មន្ត្រីលួចបន្តថា យោងតាមអនុក្រឹត្យលេខ៦៤ មសណ. នគរបាលអន្តោប្រវេសន៍មានតួនាទីត្រួតពិនិត្យ រាល់មធ្យោបាយទំនិញចេញ ចូល អ្នកដំណើរជាតិ អន្តរជាតិ ប្រថាប់ត្រាលើលិខិតឆ្លងដែន ប័ណ្ណព្រំដែន ផ្តល់ទិដ្ឋាការភ្ញៀវចូល ពុំមានពាក់ព័ន្ធ ទៅនឹងសកម្មភាព បើកបារ៉ាស់ យកលុយពីឈ្មួញដូចដែលគាត់បានប្រព្រឹត្តប្រចាំថ្ងៃនេះឡើយ ។
ក្នុងមួយថ្ងៃៗ យ៉ាងតិចមានរថយន្តយីឌុបធំៗដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកអន្តរជាតិត្រពាំងស្រែ វ៉ាលឺ មានចាប់ពី៣០គ្រឿង ដល់៥០គ្រឿង ជួនពេលខ្លះ ឈានដល់ជិត១០០គ្រឿងក៏មានដែរ ដូច្នេះ បើលោកកើត ដារាស៊ី យកលុយក្បាលឡាន ក្នុងមួយគ្រឿង១៥០ដុល្លារ ២៥០ដុល្លារទៅ៣០០ដុល្លារ មានន័យថា ក្នុងមួយថ្ងៃៗ លោកកើត ដារាស៊ី ទទួលបាននូវប្រភពសេដ្ឋកិច្ច ដោយល្មើសច្បាប់រាប់ម៉ឺនដុល្លារ ចុះបើក្នុងមួយខែវិញ តើបានប៉ុន្មានសែនដុល្លារទៅ?
ក្រៅអំពីអំពើពុករលួយរបៀបនេះ លោកកើត ដារាស៊ី ដែលកំពុងអាងខ្នងខ្សែទុយយោសម្តីយកមេឃទ្រាប់គូថអង្គុយ ពុករលួយឈានមុខក្នុងជួរដែលដឹកនាំនគរបាលអន្តោប្រវេសន៍ នៅមានពិធីរកប្រាក់មួយបែបទៀត គឺលោកកើត ដារាស៊ី បានយកលុយពីក្រុមហ៊ុនដឹកជញ្ជូនទំនិញ ពីវៀតណាម ចូលក្នុងទឹកដីខ្មែរ ប្រមាណជា៣ទៅ៤គីឡូម៉ែត្រ ហើយវិលត្រឡប់ទៅវៀតណាមវិញ ក៏ក្នុងមួយគ្រឿងយកតម្លៃ២ពាន់ដុល្លារ(ប្រភេទជាទំនិញលោតឆត្រ)ឆ្លងដែន ។
ពាក់ព័ន្ធនឹងករណីរិះគន់ខាងលើនេះ អង្គភាពនគរវត្តមិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេពីលោកកើត ដារាស៊ី នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយបញ្ជាក់តាមទូរស័ព្ទយ៉ាងខ្លីថា «សុំទោសខ្ញុំមិនហ៊ានធ្វើការបកស្រាយទេ» រួចក៏បិទទូរស័ព្ទ ។
នាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ កន្លងទៅបានប្រាប់អង្គភាពនគរវត្តតាមទូរស័ព្ទថា រាល់សកម្មភាពរបស់នគរបាលអន្តោប្រវេសន៍ អនុវត្តខុសឆ្គង ឬមានភាពមិនប្រក្រតីក្នុងការងារតួនាទី ខាងអង្គភាពកាសែតអាចសួរនាំជាបន្ទាន់ទៅកាន់ អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ពីព្រោះថា នគរបាលអន្តោប្រវេសន៍ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាននេះតែម្តង ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក អគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍អង្គភាពនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេ ជុំវិញអំពើពុករលួយរបស់លោកកើត ដារាស៊ី អនុវត្តផ្ទុយអំពីអនុក្រឹត្យលេខ៦៤ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ ដោយទូរស័ព្ទចូល គ្មានអ្នកទទួល ។
មន្ត្រីលួចបង្ហើបថា លោកកើត ដារាស៊ី រូបនេះ ធ្លាប់បោះសម្តីដោយចរិកក្អេងក្អាងថា ខ្លួនគ្មាននរណាមានសិទ្ធិដក ឬដោះដូរនោះទេ បើខ្លួនចង់នៅទីណាហើយ គ្មាននគរបាលណាអាចជ្រែ យកកន្លែងរបស់ខ្លួនបានឡើយ ដោយសារតែ រូបគេកើត ដារាស៊ី មានមហិច្ឆតា មានទុយយោក្រាស់ មានប្រភពសេដ្ឋកិច្ចបានមកពីអំពើពុករលួយ យកទៅបំពេញតម្រូវការថ្នាក់លើបានទាន់ចិត្ត ដូច្នេះគេមានឥទ្ធិពលអំណាច គាបសង្កត់ឈ្មួញប្រព្រឹត្តអំពើពុករលួយ ប្រើពាក្យមិនគប្បី ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ថ្នាក់ដឹកនាំនគរបាលជាតិ តាមរយៈនូវការប្រើពាក្យសម្តី ថា គ្មានអ្នកណា មានសិទ្ធិដកខ្លួន ប្តូរតំណែង បើខ្លួនមិនព្រមទៅកន្លែងណានោះ ៕ សុខ ខេមរា