ខេត្តសៀមរាប៖ កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើបាគង សហការជាមួយផ្នែករដ្ឋបាលព្រៃបន្ទាយស្រី ចាប់បានរថយន្តហាយឡេនឌឺ ដឹកសត្វព្រៃមួយគ្រឿង កំពុង សណ្ដោងគ្នាតាមផ្លូវ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ នៅតាមផ្លូវខាងក្រោយសណ្ឋាគារអង្គរអេរ៉ា ស្ថិតក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប។
ក្រោយពេលឃាត់រថយន្ដបានពិនិត្យឃើញ ប្រភេទអណ្តើក និងអន្សង ត្រូវបានសមត្ថកិច្ចជំនាញអូសយកមករក្សាទុក ផ្នែករដ្ឋបាលព្រៃឈើដើម្បីថ្លឹង ។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីលោក លី សុផា បានឲ្យដឹងថា ដោយមានបណ្តាញរាយការណ៍មកពីព្រំដែនថា មានរថយន្តដឹកសត្វព្រៃ ខាងលោកបានចាំល្បាតអស់ជាច្រើនថ្ងៃ ទើបតែប្រទះឃើញរថយន្តនេះ កំពុងសណ្តោងគ្នារួចខាងលោក ក៏ស្ទាក់ចាប់បានភ្លាមៗតែម្តង ។ លោកបន្តថា ម្ចាស់រថយន្ត មិនស្គាល់អត្តសញ្ញាណទេ បន្ទាប់ពីសមត្ថកិច្ចឃាត់រថយន្តរួច ក៏នាំគ្នាបើករថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់អស់ ។
លោកបានឲ្យដឹងថា សត្វអណ្តើកចំនួន៤៧៨គីឡូក្រាម ស្មើនឹង៧៨ក្បាល, សត្វអន្សងចំនួន២១៩គីឡូក្រាម ស្មើនឹង៥៣ក្បាល។
បន្ទាប់ពីរឹបអូស កម្លាំងសមត្ថកិច្ចជំនាញបានដកហូតយករថយន្តល្មើសច្បាប់ យកមករក្សាទុក រីឯសត្វព្រៃ នឹងត្រូវយកទៅលែងនៅបឹងទន្លេសាប ៕ ប៊ុនរិទ្ធី