ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តFUSO បើកលឿនបែកកង់មុខ រេចង្កូតបុកឡើងសួនច្បារ ផ្លូវ៥០ម៉ែត្រ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសណ្ដោងរ៉ឺម៉កធុនធំមួយគ្រឿង បើក​បរក្នុងល្បឿនលឿន ស្រាប់តែបែកកង់មុខបួងចង្កូត​មិនទាន់ បុករះឡើងលើសួនច្បារផ្លូវ​ ៥០​ ម៉ែត្រ​ ស្ថិតក្នុងភូមិហារ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី​ ២៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ។

តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេបានឃើញរថយន្តបង្កហេតុម៉ាក​ FUSO ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3E-4860 ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីលិចទៅកើតឆ្ពោះពីផ្លូវព្រៃសឡើងមកផ្លូវចំការដូង​ ប៉ុន្តែពេលបើកមកដល់ទីតាំងកើតហេតុស្រាប់តែរថយន្តបែកកង់មុខចំហៀងខាងឆ្វេង​ បណ្តាលឲ្យរថយន្តរេចង្កូតបុកឡើងសួនច្បារ និងបុកដើម​ឈើដែលដាំលើសួនបាក់អស់ជាច្រើនដើម​ ។

ប្រភពដដែលបន្តថា ក្នុងហេតុការណ៍មិនបណ្តាលឲ្យមានមនុស្សរងរបួសនោះទេ​ ហើយប្រជាពលរដ្ឋគិតថា ករណីនេះពិតសំណាងណាស់ដែលរថយន្តមិនរេចង្កូតបុករះបងប្អូនដែលកំពុងធ្វើដំណើរតាមផ្លូវនោះ​ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំង និងបានឃាត់អ្នកបើកបររថយន្តបង្ករួចបានទំនាក់ទំនងទៅកម្លាំងជំនាញចុះមកវាស់វែង​ យករថយន្តបង្កទៅរក្សាទុកព្រោះដោយសាររថយន្តនេះបានធ្វើឲ្យទ្រព្យសម្បត្តិសាធារណៈរងការខូចខាត​ ៕ ភារ៉ាដង្កោ


ចែករំលែក៖