ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យ​ភ្លើងប្រច័ណ្ឌ! អតីតប្ដី​ដើមដើរចូលទៅចាក់​ជនជាតិចិនជាប្ដីក្រោយ បណ្ដាលឲ្យស្លាប់​ រួចចាក់ទាំងប្រពន្ធ និងម្ដាយក្មេកជាច្រើនកាំបិត​រងរបួសធ្ងន់​ ផ្អើលហាងស៊ុប Family BBQ

ចែករំលែក៖

ភ្នំពេញ​៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយពេញហាងស៊ុប​Family BBQ មួយកន្លែង បន្ទាប់ពីស្ត្រីជាប្រពន្ធនិងប្ដីដែលជាជនជាតិចិននិងកូន២នាក់ ព្រមទាំងស្ត្រីម្នាក់ទៀតជាម្ដាយ បានចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ដែលគេអះអាងថាជាប្ដីដើមបានជិះម៉ូតូរត់ចូលមកធ្វើសកម្មភាពចាក់ទាំងក្រុមគ្រួសារ បណ្តាលឲ្យប្ដីស្លាប់និងស្ត្រីជាប្រពន្ធព្រមទាំងម្ដាយក្មេករងរបួសធ្ងន់ផងដែរ ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានបង្កឡើងកាលពីវេលាម៉ោង០៧:២០នាទីយប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

យោងតាម​មន្ត្រីអាវុធហត្ថខណ្ឌចំការមន​ បានបង្ហើបឲ្យដឹងថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហើយ​ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្សីុ ចំណែកប្រពន្ធក្រោយ និងម្ដាយក្មេករងរបួសធ្ងន់កំពុងសម្រាក់នៅឯមន្ទីពេទ្យ ។

លោក ហៀង​ ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន​ បានប្រាប់ឲ្យដឹងដែរថា​ បុរសដៃដល់ដែលធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់​ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ខាងលើនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណី​អ្វីនោះទេ​ ព្រោះកម្លាំងលោក​កំពុងធ្វើការស្រាវជ្រាមួយជំហានសិន។

តែបើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាងប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ)និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកើតហេតុខាងលើ ទើបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយ ទើបនាំគ្នាហៅ​ស៊ុបញាំជុំគ្នា មួយសន្ទុះក្រោយមកស្រាប់តែលេចមុខជនដៃដល់ជិះម៉ូតូសមួយគ្រឿង​ ម៉ាក PCX មិនចាំស្លាកលេខ កាត់មុខហាងមួយ រួចទើបជិះយកម៉ូតូទៅទុកនៅខាងក្រោយរថយន្តដែលគេចតចោលនៅក្បែរហាងខាងលើ រួចដើរចូលទៅក្នុងហាង ស្របពេលនោះដែលក្រុមនារីរត់តុក៏បាន សាកសួររកថា អញ្ជើញពិសារអ្វីដែរ​ តែបុរសដៃដល់ មិនឆ្លើយតបនោះទេ បែរជាប្រញ៉ាប់ដើរសម្ដៅទៅរកបុរសជនជាតិចិនរងគ្រោះ​ ដែលកំពុងអង្គុយហូបស៊ុបជាមួយប្រពន្ធនិងកូនរួមទាំងម្ដាយក្មេក រួចធ្វើសកម្មភាពដកកាំបិតដែលទុកនៅក្នុងកាបូបស្ពាយនោះ​ ចាក់ទៅលើជនជាតិចិននោះ​ ជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់​ ហូរឈាមពេញហាង ចំណែកឯនារីជាប្រពន្ធនិងស្ត្រីជាម្ដាយក៏ត្រូវបានបុរសជាប្ដីនោះ​ ចាក់ជាច្រើនកាំបិត​ បណ្ដាលឲ្យរបួសធ្ងន់ទាំង២នាក់ដែរ ។

ក្រោយពីធ្វើសកម្មភាព​ចាក់ទៅលើមនុស្ស៣នាក់ខាងលើ​បណ្ដាលឲ្យរងរបួសធ្ងន់​ហើយ​ ជនដៃដល់បានដើរចេញពីហាងខាងលើ​ ទៅយកម៉ូតូវិញ ស្របពេលជាមួយគ្នានោះ​មានភ្ញៀវនិងបុគ្គលិកក្នុងហាង​ បានរត់ចេញមកជួយចាប់ដែរ​ តែដោយសារតែ​ឃើញកាំភ្លើងនៅជាប់ចង្កេះរបស់ជនដៃដល់នោះ​ ទើបមិនមានអ្នកណាហ៊ានចូលទៅឃាត់និងចាប់ឡើយ​ ទើបបានបណ្ដោយឲ្យជនដៃដល់ឡើងជិះម៉ូតូចេញទៅបាត់ស្រមោលតែម្ដង។

បន្ទាប់មកស្ត្រីជាប្រពន្ធនិងស្ត្រីជាម្ដាយដែលរងរបួសត្រូវបានគេដឹកតាមម៉ូតូទៅសង្គ្រោះនៅឯមន្ទីពេទ្យឯកជនទំនើបភ្លាមៗ​ ចំណែកបុរសជនជាតិចិន​ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ​រុស្សី ហើយស្លាប់ក្នុងមន្ទីពេទ្យ ។

ក្រោយពេលកើតហេតុ​ គេឃើញមានកម្លាំងអាវុធហត្ថខណ្ឌចំការមន​ និងកម្លាំងនគរបាលខណ្ឌចំការមន​ ចុះមកកន្លែងកើតហេតុ​ ដើម្បីធ្វើការស្រាវជ្រាវ​ និងសើប​អង្កេត​តាមជំនាញរៀងៗខ្លួនដើម្បីតាមចាប់ជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ ។ រីឯសពជនរងគ្រោះត្រូវបានសមត្ថកិច្ចតម្កល់នៅក្នុងសាលតម្កល់សព ពេទ្យរុស្សុី រង់ចាំចាត់ចែងតាមក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖