ខេត្តត្បូងឃ្មុំ៖ នៅរសៀលថ្ងៃអាទិត្យ ១រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ ប្រជាពលរដ្ឋភូមិជាចជើង និងភូមិជាចកើត បាននាំគ្នាតវ៉ា នៅចំណុចចាក់ដីមាត់ស្ទឹង ស្ថិតនៅខាងជើងវត្តសិរីមង្គលចុងជាច ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បន្ទាប់ពីលោកមេឃុំចុងជាច និង គណៈ កម្មការវត្តសិរីមង្គលចុងជាច បានសម្រេច ជាឯកច្ឆន្ទ លក់ដីមាត់ស្ទឹងសាធារណៈ ដែលជាសម្បត្តិរបស់រដ្ឋ ទៅឱ្យឈ្មួញធ្វើជា កម្មសិទ្ធិ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ប្រជាពលរដ្ឋទាំងពីរភូមិយ៉ាង ធ្ងន់ធ្ងរ ។
បងប្អូនប្រជាពលរដ្ឋភូមិជាចជើង និង ភូមិជាចកើតបានបញ្ជាក់ឱ្យដឹងថា ពួកគាត់មកតវ៉ាដល់ចំណុចចាក់ដីខាងលើ ដែល មានដីទទឹង៥ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ ដែលត្រូវបានឈ្មួញ (ឈ្មោះ បុន វិឆូរ ) ចាក់ដីលុបមាត់ស្ទឹងរំលោភយកធ្វើជាកម្មសិទ្ធិឯកជននោះ ។ ការចាក់លុបដីមាត់ ស្ទឹងយ៉ាងដូច្នេះ នៅរដូវវស្សាទឹកមិនអាចហូររំដោះស្រួលនោះទេ វាបណ្តាលឱ្យទឹក ចាល់លិចផ្ទះសម្បែង និងដំណាំផ្សេងៗ ជាច្រើន របស់ប្រជាពលរដ្ឋទាំងពីរភូមិ អាចប៉ះពាល់ផលប្រយោជន៍របស់ប្រជា ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ។
អាស្រ័យហេតុនេះ សូមលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ មេត្តាពិនិត្យ មើលភាពមិនប្រក្រតីនេះផង ដើម្បីចៀសវាងកុំឱ្យពលរដ្ឋបាត់បង់ផលប្រយោជន៍ របស់ពួកគាត់ ។ តាមប្រភពច្បាស់ការណ៍មួយបានបញ្ជាក់ឱ្យដឹងថា លោក កាំង វ៉ាន់ឌី មេឃុំចុងជាច តែងទៅបញ្ចុះបញ្ចូល គណៈកម្មការវត្តព្រះចៅអធិការវត្តបញ្ហា លក់ដីមាត់ស្ទឹងនេះ ជាច្រើនដងមកហើយ តែខាងវត្តមិនហ៊ាន តែរយៈពេលចុងក្រោយនេះទើបព្រមលក់តាមលោកមេឃុំក្នុង តម្លៃ១៥.០០០ដុល្លារ(មួយម៉ឺនប្រាំពាន់ ដុល្លារ) ។
លោក កាំង វ៉ាន់ឌី មេឃុំចុងជាច បានបញ្ជាក់ថា លោកធ្វើនេះ គឺមានការ ព្រមព្រៀងឯកភាពគ្នាពីព្រះចៅអធិការ វត្តនិងគណៈកម្មការវត្ត គឺលក់យកលុយ ទៅប្រគេនព្រះសង្ឃទុកសម្រាប់កសាង សាលាក្នុងវត្ត ហើយបានប្រគេនលោក ចំនួនទឹកប្រាក់ប្រាំបីពាន់ដុល្លារហើយ ពេលគេចាក់ដីរួចប្រគេន៧.០០០ដុល្លារ ថែមទៀត ។ ការចាក់ដីនេះ គឺទុកសម្រាប់ទឹកហូរចំនួន៦ម៉ែត្រផងដែរមិនមែនបិទ ស្ទឹងទេ ។
ព្រះគ្រូ មុន ប៊ុនមេន ព្រះចៅអធិការវត្ត សិរីមង្គលចុងជាច បានមានថេរដីកាថា ពិតជាមានការឯកភាពគ្នាជាមួយឃុំមែនគឺដីកេរ្តដំណែលតាំងពីព្រះសង្ឃធំមុនម្លេ៉ះ ដីមាត់ស្ទឹងជាប់ផ្លូវ ជាប់វត្តមានទទឹង៥ ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ លក់យក លុយមកកសាងសាលា អាត្មាបានទទួលលុយប្រាំបីពាន់ដុល្លារហើយលុុុះដល់ចាក់ដី រួចទើបម្ចាស់ដីគេប្រគល់ឱ្យគ្រប់ ។
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានបញ្ជាក់ថា ករណីឈ្មួញចាក់ដីលុប ស្ទឹង ភូមិចុងជាច ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោកបានបង្កើតគណៈកម្ម ការចុះទប់ស្កាត់រួចហើយ និងបន្តនីតិវិធី ដើម្បីស្រាវជ្រាវរកអ្នកពាក់ព័ន្ធក្នុងករណីនេះ ៕ហេង សូរិយា