ថៃ៖ យ៉ាងហោចណាស់ ក៏មានពលករខ្មែរចំនួន៦នាក់ដែរ ដែលកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យព្រះប៉ុកក្លៅ ក្នុងចំណោមពលករខ្មែរ ដែលរងរបួសសរុបចំនួន ១៤ នាក់ ខណៈ ដែលពួកគេកំពុងធ្វើដំណើរតាមរថយន្តនីសាន់ ១ គ្រឿងក្នុងគោលបំណងទៅធ្វើការនៅក្នុងទឹកដីថៃស្រាប់តែចៃដន្យក៏ជួប និងគ្រោះថ្នាក់នេះតែម្តង ។
យោងតាមរបាយការណ៍ ដែលទទួលបានពីភាគីថៃបានបញ្ជក់ថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៤.២០នាទីរសៀល ថ្ងៃទី២៣ខែធ្នូ.ឆ្នាំ ២០១៨ លើកំណាត់ផ្លូវចាងហ្វាងតាប៊ូន ត្រង់ចំណុចបានសំរោងក្នុងស្រុកសយដាវខេត្តច័ន្ទបុរីប្រទេសថៃ ។
ប្រភពដដែលបានលើកឡើងថារថយន្ត ដែលបង្កគ្រោះថ្នាក់ដោយខ្លួនឯងនេះជាប្រភេទរថយន្តនីសាន់ ដែលមានដឹកពលករខ្មែរចំនួន១៤នាក់ ឆ្ពោះទៅកាន់ទីក្រុងបាងកកដើម្បីបម្រើការងារនៅទីនោះប៉ុន្តែជាចៃដន្យនៅពេលទៅដល់ ត្រង់ចំណុចខាងលើក៏ស្រាប់តែរថយន្តនេះបនារេចង្កូតធ្លាក់ចេញពីផ្លូវដោយមិនទាន់ដឹងមូលហេតុធ្វើឲ្យរថយន្តនោះក្រឡាប់ធ្លាក់ចូលទៅក្នុងស្នាមភ្លោះ និងបានបង្កឲ្យពលករខ្មែរទាំងអស់រងរបួសរដូក រណែល ។
ភ្លាមៗនោះដែរ គេសង្គេតឃើញមានរថយន្តសង្គ្រោះ បានមកជួយអន្តរាគមន៍ ដើម្បីដឹកអ្នក ដែលរងរបួសធ្ងន់ចំនួន៦នាក់ទៅកាន់មន្ទីរពេទ្យ ព្រះប៉ុកក្លៅមុនដោយមានការបើកផ្លូវពីសំណក់រថយន្តតម្រួតផងដែរ ប៉ុន្តែគេមិនទាន់ដឹងថា ពលករខ្មែរទាំងអស់នេះ ទៅពីខេត្តណានោះទេ ៕ ស សារ៉េត