ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាទេព បូព្រឹក្ស សម្រេចចិត្តប្តឹងបុរសដែលជះស្រាបៀរដាក់នាង និងបុគ្គលពាក់ព័ន្ធ៣នាក់ទៀត ដោយទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារ និងសូមទោសជាសាធារណ:

ចែករំលែក៖

ភ្នំពេញ៖ កញ្ញាទេព បូព្រឹក្ស តារាចម្រៀង របស់ផលិកម្មរស្មីហង្សមាស បានសម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ អំពីករណីបុរសម្នាក់បានជះស្រាបៀរលើរូបនាង ខណៈនាងកំពុងច្រៀង នៅភោជនីយដ្ឋានសមុទ្រដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀហៃរបស់ប្រទេសកូរ៉េនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានដាក់ពាក្យបណ្តឹងហើយនោះ, កញ្ញា ទេព បូព្រឹក្ស បានឲ្យដឹងថារូប នាងបានដាក់ពាក្យបណ្តឹងទៅលើបុគ្គល៤រូបរួមមាន៖ បុរសដែលបានជះស្រាបៀរមកលើនាងដែលគេមិនស្គាល់ឈ្មោះនិង ម្ចាស់ហាង «សមុទ្រ»,ហើយនិង អ្នករៀបចំកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀហៃ និងស្ត្រីម្នាក់ទៀតដែលគាត់បានអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀង មកលើអ្នករាំរបស់ខ្លួនចំនួន៣កំផ្លៀងពេញទំហឹង ហើយកញ្ញាទេពបូព្រឹក្សបានទាមទារសំណងជំងឺចិត្តចំនួន១០ម៉ឺនដុល្លារអាមេរិក និងអោយជនបង្កដែលជះស្រាបៀមកលើរូបនាងសូមទោសជាសារធារណ:ដោយធ្វើសន្និសីទកាសែតផងដែរ។

កញ្ញាបានបន្តទៀតថាចំពោះសំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនេះ នឹងត្រូវយកទៅបរិច្ចាគឲ្យទៅមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រាហើយនិងតារាចាស់ៗដែលគាត់គ្មានការងារធ្វើនេះបើតាមការបញ្ជាក់បន្ថែមពីកញ្ញា ទេព បូព្រឹក្ស។
គួរបញ្ជាក់ផងដែរថានៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ជះស្រាបៀរដាក់រូបនាង នៅចំណុចភោជនីយដ្ឋាន «សមុទ្រ» នៅតាមបណ្ដោយផ្លូវ១១៨ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ៕ ជ្រោយពេជ្រ


ចែករំលែក៖