ព័ត៌មានទាន់ហេតុការណ៍៖

ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨លើកទីបី នឹងកាន់តែអស្ចារ្យ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ ភាពយន្តប្រចាំឆ្នាំ២០១៨ លើកទីបី នឹងកាន់តែអស្ចារ្យ ដែលរៀបចំឡើង ដោយរោងភាពយន្ត លេជេន នៅថ្ងៃសុក្រ ទី២៨ ធ្នូ ខាងមុខនេះ ។ ព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា នឹងជួយជំរុញ វិស័យសិល្បៈ ពិសេសវិស័យ ភាពយន្ត កាន់តែប្រសើរឡើង ។

រោងភាពយន្តលេជេន (Legend Cinema) ដែលកំពុងតែទទួល បានការគាំទ្រខ្លាំងពីសំណាក់ ទស្សនិកជន នឹងរៀបចំព្រឹត្តិការណ៍ ដ៏ធំមួយដំបូងគេ នៅកម្ពុជា គឺព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) ជាលើកទីបីក្នុងគោលបំណងបន្តការ ចូលរួមលើកស្ទួយវិស័យភាពយន្តនៅកម្ពុជា ។

ព្រឹត្តិការណ៍ភាពយន្តប្រចាំឆ្នាំ២០១៨ (Movie of The Year 2018) នេះនឹងត្រូវប្រារព្ធឡើងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅរោងភាពយន្តលេជេនអេដិន ក្នុងបរិវេណផ្សារទំនើបអេដិនហ្គាដិនម៉ល (Eden Garden Mall) ចាប់ពីម៉ោង៤រសៀលតទៅ ។

កម្មវិធីនេះ នឹងមានការចូលរួមពីសំណាក់សិល្បករផលិតករប្រមាណជាង៣០០នាក់ ។

ក្រៅពីការបង្កើតបរិយាកាសក្នុងការទំនាក់ទំនងរវាង អ្នកពាក់ព័ន្ធនៅក្នុងវិស័យ ភាពយន្តនៅកម្ពុជា រោងភាពយន្តលេជេន ក៏មានគោលបំណងដ៏ធំមួយ ក្នុងការចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយវិស័យខ្សែភាពយន្តនៅកម្ពុជាផងដែរ ។

ក្រុមហ៊ុនចែកចាយរឿង និងផលិតកម្មធំៗក្នុងស្រុកជាច្រើនត្រូវបានរំពឹងចូលរួមក្នុងការវិធីនេះ ជាពិសេសក្រោយពីខ្សែភាពយន្តរបស់ពួកគេបានក្លាយជាខ្សែភាពយន្តដ៏ល្បីពេញនិយមប្រចាំឆ្នាំ និងរកប្រាក់ចំណូលបានខ្ពស់ច្រើនជាងគេដូចជាក្រុមហ៊ុន WML, ផលិតកម្មLD Picture ផលិតកម្មKongchak Pictures និងផលិតកម្មមហាហង្សជាដើម ។ ផលិតករ និងក្រុមហ៊ុនទាំងអស់នឹងមានឱកាសបង្ហាញពីគម្រោងក្នុងការផលិត និងការត្រៀមដាក់បញ្ចាំងខ្សែភាពយន្តថ្មីៗរបស់ពួកគេនាពេលអនាគតក្នុងឱកាសនោះផងដែរ ។

គួរបញ្ជាក់ផងដែរថាខ្សែភាពយន្តក្នុងស្រុកចំនួន១០រឿង និងខ្សែភាពយន្តអន្តរជាតិចំនួន១០រឿងដែលជារឿងរកប្រាក់ចំណូលបានច្រើនជាងគេនៅរោងភាពយន្តលេជេននឹងត្រូវយកមកដាក់ប្រកួតប្រជែងគ្នាដើម្បីស្វែងរករឿងដែលល្អជាងគេតាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្តនៅលើគ្រប់គេហទំព័ររបស់រោងភាពយន្តលេជេន ។ ក្នុងឱកាសនោះផងដែររោងភាពយន្តលេជេនក៏រៀបចំធ្វើការបោះឆ្នោតស្វែងរកតារាដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ២០១៨តាមរយៈការបោះឆ្នោតពីសំណាក់ប្រិយមិត្តនៅលើគេហទំព័ររបស់រោងភាពយន្តលេជេនផងដែរ ។

លទ្ធផលបន្ទាប់ពីការបោះឆ្នោតនេះនឹងត្រូវបានយកមកប្រកាសនៅអំឡុងនៃកម្មវិធីខ្សែភាពយន្តប្រចាំឆ្នាំ២០១៨ជាមួយនឹងពានរង្វាន់ និងលិខិតសរសើរពីរោងភាពយន្តលេជេនដោយផ្ទាល់ហើយសម្រាប់ផលិតករដ៏ទៃៗទៀតដែលរឿងរបស់គាត់មិនបានទទួលជ័យលាភីនៅយប់នោះក៏នឹងទទួលបាននៅលិខិតសរសើរដូចៗគ្នាសម្រាប់ខ្សែភាពយន្តដែលមានប្រជាប្រិយភាពជាងគេប្រចាំឆ្នាំ២០១៨ក្នុងចំណោមខ្សែភាពយន្តជាច្រើនរឿងដែលបានចាក់បញ្ចាំងចាប់ពីដើមខែមករារហូតដល់ពាក់កណ្តាលខែវិច្ឆិកាឆ្នាំ២០១៨នៅរោងភាពយន្តលេជេន ។

ដើម្បីបន្តការលើកតម្កើងបន្ថែមទៀតនៅខ្សែភាពយន្តខ្មែរសម្រាប់រឿងខ្មែរដែលឈ្នះពានរង្វាន់ខ្សែភាពយន្តខ្មែរប្រចាំឆ្នាំ២០១៨នៅអំឡុងនៃកម្មវិធីនឹងត្រូវបានយកមកបញ្ចាំងឡើងវិញសម្រាប់ភ្ញៀវកិត្តិយសដែលអញ្ជើញមកចូលរួមនៅយប់នៃកម្មវិធី ។

កម្មវិធីនេះផងដែរអាចរៀបចំទៅបានក៏ដោយមានការចូលរួមឧបត្ថម្ភធំពី, ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទSmart Axiata, Grab កម្ពុជា,ក្រុមហ៊ុនភេសជ្ជៈCoca Cola, ធនាគារឯកទេសអ៊ីអន (ខេមបួឌា)ភីអិលស៊ី, និងសហការឧបត្ថម្ភដោយJaikon TV, MyBurgerlab, ហាងលក់នំAnntieAnn’s, ហាងលក់នាឡិកាicewatch, និងអ៊ីងអ៊ីញផ្សាយពាណិជ្ជកម្ម (InkInc Advertising) ។ អ្វីដែលកាន់តែពិសេសសម្រាប់កម្មវិធីនេះគឺក៏មានការចូលរួមពីសំណាក់តារាចម្រៀងល្បីៗពីតារាចម្រៀងOriginal Song លោកP-Sand, និងលោកវ៉ាន់ចេស្តា និងក្រុមរាំអូអឹមជី(OMG) ដើម្បីអោយកម្មវិធីកាន់តែមានភាពអធិកអធម និងសប្បាយរីករាយ ៕ វឌ្ឍនា


ចែករំលែក៖