ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសរត់ឆ្លងផ្លូវមិនប្រយត្ន័ ត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងប្រុសម្នាក់បានស្លាប់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីរត់ឆ្លងផ្លូវមិនប្រយត្ន័ ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងចាប់ហ្វ្រាំងមិនទាន់ ក៏បុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ មានស្ថិតនៅចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យដឹងថា ក្មេងប្រុស ដែលស្លាប់មានឈ្មោះច្រេង វាសនា ភេទប្រុស អាយុ០៣ឆ្នាំរស់ក្នុងភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។

ចំណែកអ្នកបើករថយន្តត្រូវបានស្គាល់ឈ្មោះ និត រ៉ា អាយុ៤៨ឆ្នាំ មុខរបរបើករថយន្ត ក្រោយកើតហេតុ បានរត់គេចខ្លួនភ្លាមៗ បន្សល់តែដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ស្វាយរៀង ៣A៧៦៤ នៅនឹងកន្លែង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុមានក្មេងប្រុសម្នាក់ បានដើរតាមផ្លូវ ខណៈនោះស្រាប់តែរត់ឆ្លងផ្លូវខ្វះប្រុងប្រយត្ន័ ក៏ត្រូវរថយន្តនេះ ចាប់ហ្វ្រាំងមិនទាន់ បុកយ៉ាងពេញទំហឹងតែម្ដង ។ បន្ទាប់មកអ្នកបើករថយន្តបានបើកទ្វាររត់គេចខ្លួនចេញពីកន្លែងកើតហេតុ ទើបអ្នកភូមិរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ។

បច្ចុប្បន្ន សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី និងវាស់វែងអូសយកមធ្យោបាយរថយន្តយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំសំឡីដើម្បីរង់ចាំដោះស្រាយនាពេលក្រោយតាមច្បាប់៕ យឹម សុថាន


ចែករំលែក៖