ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ចំណែកម្នាក់ទៀត បានគេចខ្លួនបាត់ បន្ទាប់ពីពួកគេបាននាំគ្នាធ្វើសកម្មភាពឆ្គឹះសោបន្ទប់ជួល កម្មការិនីរោងចក្រ បំណងលួចទ្រព្យសម្បត្តិ តែត្រូវអ្នកមើលការខុសត្រូវ ឃើញទាន់ ស្រែកបង្កការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច បន្ទប់ជួល៣ជាន់ ស្ថិតក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ តែជនសង្ស័យបានរត់ទៅចាប់បាន នៅក្នុងកំប្លោកទឹកស្អុយស្ថិតក្នុងភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លូនបានមានឈ្មោះ រិទ្ធ សំណាង ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិត ស្នាក់នៅផ្ទះជួល ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បើតាមសម្តីពីអ្នកមើលការបន្ទប់បានឲដឹងថា មុនពេលកើតហេតុ គេឃើញជនសង្ស័យមានចំនួន២នាក់ជិះម៉ូតូម៉ាក ស៊ីរ៉ូស ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 1CA-2727 ជិះទៅជិះមក តែមិនចាប់អារម្មណ៍ គាត់ក៏ដើរមើលបន្ទប់ជាធម្មតា លុះគាត់ដើរមកដល់ជាន់ទី១ ក៏ស្រាប់តែឃើញជនសង្ស័យទាំង២នាក់កំពុងឆ្គឹះសោបាន បម្រុងចូលក្នុងបន្ទប់ទៅហើយ តែត្រូវគាត់ជាអ្នកមើលការបន្ទប់ស្រែកចោរៗ ផ្អើលដល់អ្នកជិតខាងដេញចាប់ ទើបជនសង្ស័យរត់ចុះមកក្រោមទាំង២នាក់ ចែកផ្លូវគ្នាភ្លេចយកម៉ូតូដែលជិះមកទៅទៀត ។
ប្រភពដដែលបានបន្តថា ខណៈនោះជនសង្ស័យម្នាក់បាន គេចបាត់ពីភ្នែក នៅសល់តែជនសង្ស័យ ម្នាក់ក៏ប្រឹងតាមចាប់ រហូតជនសង្ស័យលោត ចូលក្នុង កំប្លោកទឹកស្អុយ បាត់មួយសន្ទុះ ទើបមានប្រជាពលរដ្ឋចុះទៅរក ក៏ឃើញកំពុងសង្ងំអើតក ក្នុងកំផ្លោក ក៏ក្របួចយកមកប្រគល់ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី២ ដែលកំពុងឡោមព័ន្ធជាមួយកម្មករសំណង់ជាច្រើនអ្នក ដែលចង់ស្វាគមន៍ជនសង្ស័យបណ្តាលឲ្យបែកក្បាលផងដែរ តែទោះជាយ៉ាងណា សមត្ថកិច្ចបាននាំខ្លួនជន សង្ស័យចេញពីកន្លែងនោះភ្លាម ព្រោះអាចទប់នឹងប្រជាពលរដ្ឋមិនឈ្នះ ។
ក្រោយពីឃាត់បានហើយ ជនសង្ស័យ ត្រូវបានគរបាលចោមចៅទី៣កសាង សំណុំរឿងបញ្ជូនទោផ្នែកជំនាញខណ្ឌសួរនាំបន្តតាមនីតិវិធី ៕ សុខាសែនជ័យ