ព័ត៌មានទាន់ហេតុការណ៍៖

តុលាការ​សម្រេច​ឃុំខ្លួនជនសង្ស័យ​៤​នាក់ ដែលដេញឡានបង្កគ្រោះថ្នាក់នៅស្រុកកែវសីមា

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ តុលាការ​សម្រេច​ឃុំខ្លួន ជនសង្ស័យ​០៤​នាក់ ដែល​កម្លាំងស្នងការដ្ឋាន​នគរបាលខេត្តមណ្ឌលគិរី​ បាន​ឃាត់ខ្លួន​កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ជុំវិញ​ករណី​ដេញ​ឡានដឹកឈើ​បង្កឲ្យមានគ្រោះថ្នាក់​ចរាច​រណ៍ ។

ការឃុំខ្លួននេះ តុលាការបានធ្វើឡើងនៅ​រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨បន្ទាប់ពីសាកសួរ​បំភ្លឺ​ជុំវិញ​ករណី​ដេញ​ឡាន​ដឹកឈើ​ បង្កឲ្យមាន​គ្រោះថ្នាក់​ចរាច​រណ៍ ដែលក្នុងហេតុការណ៍នោះ ប​ណ្ដា​លឲ្យមនុស្ស​ស្លាប់ម្នាក់​ និង​រងរបួសស្រាល​ធ្ងន់​៣​នាក់​ទៀតនៅ​ចំណុច​Km១៣៦​ក្នុង​ភូមិ​ត្រពាំង​ផ្អេរ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី វេលា​ម៉ោង​៦​ និង​២៤​នាទីថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៨ នោះ ។

ជនសង្ស័យ​ ដែលត្រូវឃុំខ្លួន​នោះ​មានទី១.​លោក យូ រ៉ាវុធ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរបរ​យោធា ទី២.​លោក វ៉ាន់ រួន ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ នគរបាល​ ទី៣.​លោក ស្រ៊ុន ឈួន​ ភេទ​ប្រុស ​អាយុ​៤៣​ឆ្នាំ មុខរបរ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ និងទី៤.​លោក សៀង ចំ​រ៉ុង​ ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ ។

ក្រោយ​ពី​សាកសួរ​​រួច​មក​ត្រូវបានអយ្យការ​សម្រេច​ចេញ​ដីកា​ឃុំ​ខ្លួន​ជា​បណ្តោះអាសន្ន​ ទៅលើ​ជនសង្ស័យ​ទាំង​០៤​នាក់​នោះតែម្តង ។

តាម​ប្រភពថា ជនសង្ស័យ​នៅ​សល់​៣​នាក់​ទៀត ដែល​មាន​ការពាក់ព័ន្ធ​បាន​រត់គេចខ្លួន​បាត់​នោះ​មានឈ្មោះ​ទី១/ ឈ្មោះ នី អ្នកសារព័ត៌មាន​ ទី២/ ឈ្មោះ ណា​ង អ្នកសារព័ត៌មាន​ ទី៣/ ឈ្មោះ កាណួត ជា​យោធា ហើយ​សមត្ថកិច្ច​ក៏កំពុង​តែស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់​ផងដែរ ដើម្បី​សុំ​គោលការណ៍​ពី​តុលាការ​ឈាន​ចូល​ទៅ​ដល់​ការឃាត់ខ្លួន​យក​មកចាត់ការ​តាម​ផ្លូវច្បាប់​បន្តទៀត ។ ​

ប្រជាពលរដ្ឋ​នៅ​ខេត្តមណ្ឌលគិរី​ ពួកគាត់​សំណូមពរ​ទៅ លោក ស្វាយ សំ​អ៊ាង អភិបាល​នៃ​គណ​:​អភិបាលខេត្ត សូមមាន​វិធានការ​បង្ក្រាប​មន្ត្រី​កងកម្លាំង​ ដែល​គ្មាន​ភារកិច្ច​នៅ​តាមដងផ្លូវ (កុងត្រូលជជុះ​)​ឲ្យបាន​ក្ដៅគគុក​ផងកន្លងមក​ក្រុម​នេះ​តែងតែ​បង្ក​នូវ​បញ្ហា​ដល់​សង្គមប្រជាពលរដ្ឋមិន​ចេះ​ចប់នោះដូចជា​ករណី​ដេញ​ឡាន​ខាងលើនេះជាដើម ដែលបង្ក​ឲ្យ​មានមនុស្ស​ស្លាប់​យ៉ាងអាណោចអាធ័ម​បំផុតនោះ ៕ ជីវន្ត័


ចែករំលែក៖