ភ្នំពេញ៖ អ្នកស្រីហូវ ដាណេ នាយិកា ឌែរម៉ូគ្លីនិក កាលពីថ្ងៃទី៣១ ខែ ធ្នូ ឆ្នាំ ឆ្នាំ ២០១៨ បានសម្រេចចិត្តចូលរោងជ័យហើយ ជាអ្នកជំនួញល្បីឈ្មោះម្នាក់ មានប្រាក់វាល់លានដុល្លារ ពីធីអាពាហ៍ពិពាហ៍បានធ្វើនៅវីឡាដ៍ស្កឹមស្កៃមួយក្នុងបុរី វិមានភ្នំពេញ ក្រោមវត្តមានតារាល្បីៗជាច្រើន។
អ្នកសិល្បៈដែលឃើញវត្តមានចូលរួមក្នុងកម្មវិធីនោះ មានដូចជា ស្រីម៉ុច អ្នកនាង យុគ ចិន្ដា ,អ្នកនាង គង់ សុជាតិ និង លោក ជាវិបុល ,អ្នកនាង សុគន្ធ និសា និង ស្វាមី , កញ្ញា សុខ សីឡាលីន លោក អ៊ុន សិទ្ធា លោក សាវីន ហ្វីលីព លោក ករុណា ពេជ្រ កញ្ញា ព្រះកាយ ច័ន្ទ ។
អ្វីដែលជាការចាប់អារម្មណ៍ក្នុងអាពាហ៍ពិពាហ៍របស់អ្នកជំនួញស្រីដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ ក្រៅពីវត្តមានតារាល្បីជាច្រើនរូបខំឆ្លៀតទៅចូលរួមចំថ្ងៃឆ្លងឆ្នាំ ខណៈដែលតារាៗម្នាក់ៗជាកម្មវិធីជាច្រើននោះ គឺត្រង់កូនកំលោះមានវ័យក្មេងរហូតដល់ទៅ៨ឆ្នាំ ហើយជាអ្នកជំនួញមានមុខ ជំនួញច្រើនមុខ ទ្រព្យលានដុល្លារក្នុងប្រទេសថៃ។ លោក Thammarat Thurathong ត្រូវបានគេស្គាល់ថា គឺជាកូនពៅ ក្នុងត្រកូលអភិជនដែលមានកូនតែ២នាក់ និងជាអ្នកជំនួញជួរមុខក្នុងប្រទេសថៃ ដែលមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនដូចជា ក្រុមហ៊ុន យន្តហោះឯកជន ក្រុមហ៊ុនកប៉ាល់ឯកជន ក្រុមហ៊ុនលក់មាស ក្រុមហ៊ុនផលិតជី ក្រុមហ៊ុនលក់ដី ក្រុមហ៊ុនសណ្ឋាគារនិងភោជនីយដ្ឋានលំដាប់ផ្កាយ៥ ក្រុមហ៊ុនកែសម្ផស្សជាដើម។
តាមការលើកឡើង របស់អ្នកស្រីហូវ ដាណេ នាក់ទាំងពីរបានស្គាល់គ្នាជាង២ឆ្នាំមកហើយ តាមរយៈការធ្វើជំនួញជាមួយគ្នាផ្នែកកែសម្ផស្ស និង មុខជំនួញផ្សេងទៀត ដែលដំបូងឡើយគ្រាន់តែជាដៃគូជំនួញប៉ុន្តែ ប៉ុន្តែក្រោយពីសិក្សាចិត្តគ្នាក៏ឈានដល់មានទំនាក់ទំនងស្នេហាតែម្ដងទៅ។ ទាំងអ្នកសិល្បៈក៏ដូចជាមហាជន កោតសរសើរស្នេហាអ្នកជំនួញ១គូនេះជាខ្លាំង ដោយមិននឹកស្មានលោក Thammarat Thurathong មានវ័យក្មេងជាងដល់ទៅ៨ឆ្នាំ មកស្រលាញ់អ្នកស្រីហូវ ដាណេ ដែលជាស្ត្រីមេម៉ាយកូន២ទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងថ្ងៃអាពាហ៍ពិពាហ៍សាមញ្ញា ប៉ុន្តែខ្លឹមកប់នោះ ម្ដាយកូនកំលោះបានកាដូយ៉ាងពិសេស ខ្សែកពេជ្រ ១ខ្សែ តាមដែលដឹងតម្លៃប្រហែល ៤៧ម៉ឺនដុល្លារ និង ចិញ្ចៀនពេជ្រ ១វង្សមានតម្លៃប្រហែលជាង៣០ម៉ឺនដុល្លារឯណោះ។ ដោយសារតែកូនកំលោះជាជនជាតិថៃ ដូចនេះអាពាហ៍ពិពាហ៍ខាងលើបានធ្វើតាមបែបខ្មែរកាត់ថៃ អ្នកផាត់មុខនិងធ្វើសក់ ខាងកូនកំលោះនាំយកពីប្រទេសថៃទាំងអស់ ដោយឡែកគ្រឿងសម្អាង សំលៀកបំពាក់ គឺសុទ្ធតែកុម្ម៉ង់ថ្មីៗទាំងអស់ ដែលអ្នកស្រី បានប្រគល់ ឲ្យ
ហាង ខ្មែរកាត់ដេរ ខ្មែរឌីហ្សាញជា អ្នករៀបចំឲ្យទាំអអស់ ក្រោយពីរៀបការរួច គ្រឿងសម្អាង និង សំលៀកបំពាក់ មិនត្រូវបានផ្ទេរឲ្យខាង សម្អាងយកទៅជួលបន្តឡើយ គឺពួកគេទុកតាំងជាអនុស្សាវរីយ៍ទាំងអស់។
ជារឿងដែលគួរឲ្យកោតសរសើរទៅទៀតនោះ ចំណងដៃដែលភ្ញៀវចងដៃអ្នកជំនួញស្រីដែលមានសក្ដានុពលខ្លាំងលើវិស័យកែសម្ផស្សរូបនេះ ប្រាប់ថា និងយកទៅធ្វើកិច្ចការសប្បុរសធម៌ ក្នុងនោះគម្រោងយកទៅសាងសង់សាលាឆទាន១ខ្នង ខ្ទង់ចំណាយប្រហែល៥ម៉ឺនដុល្លារ ក្នុងទឹកដីខេត្ត ក្រចេះ។បន្ទាប់ពីរៀបការរួច គូស្នេហ៍១គូរនេះ បានបង្ហើបប្រាប់ថា និងបើកសាខាក្រុមហ៊ុនជួលយន្តហោះ និង កប៉ាល់ឯកជន ព្រមទាំងឡានទំនើបៗ ដែលបច្ចុប្បន្នមានស្នាក់ការនៅ ប្រទេសថៃ មកបើកនៅក្នុងប្រទេសកម្ពុជាសម្រាស់សេដ្ឋីៗនៅស្រុកខ្មែរ ដែលមានបំណងចង់ដើរលេងក្នុងពេលឆាប់ៗនេះថែមទៀតផង៕ វឌ្ឍនា