ព័ត៌មានទាន់ហេតុការណ៍៖

ចោទប្រកាន់ស្រ្តីថៅកែហាងកែសម្ផស្សឌែម៉ូគ្លីនិកនិងគ្រូពេទ្យម្នាក់ករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មដើម្បីគំរាមទារប្រាក់

ចែករំលែក៖

ភ្នំពេញ​៖ ស្ត្រីថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកនិងស្រ្តីម្នាក់ទៀតជាគ្រូពេទ្យផ្នែកដេរ វះកាត់គ្រឿងក្រោមប្រចាំគ្លីនិកបានត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកតុលាការ នៅព្រឹកថ្ងៃទី៤​ ខែ​មករា​ ដើម្បី​សាកសួរករណីថតវីដេអូ អតិថិជន ដែលទៅទទួលសេវាកម្មកែសម្ផស្សដើម្បីគំរាមទារប្រាក់ ។

មន្ត្រី​តុលាការ​ បញ្ជាក់​ថា​ លោកស្រីហូវ ដាណេថៅកែហាងកែសម្ផស្ស ឌែម៉ូគ្លីនិកនិងឈ្មោះពៅ ស៊ីណាត ជាគ្រូពេទ្យផ្នែកដេរ វះកាត់គ្រឿងក្រោមប្រចាំគ្លីនិកឌែរម៉ូ ត្រូវបានលោកសឿន មុនីរ័ត្ន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​ ចោទប្រកាន់ពីបទគំរាមហែកកេរ្តិ៍ បទកំហែងយកនិងបទប៉ះពាល់សិទ្ធិខាង​រូបភាពនៃបុគ្គលរួចបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរចាត់ការបន្តតាមនីតិវិធី។

ប្រភពព័តិមានពីសមត្ថកិច្ចបានអោយដឹងថា លោកស្រីហូវ ដាណេ ត្រូវបានឃាត់ខ្លួននាវេលាថ្ងៃត្រង់ថ្ងៃទី ៣ខែមករា ឆ្នាំ២០១៩នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសដើម្បីចាត់ការតាមច្បាប់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យឃើញថា សកម្មភាព និងចម្លើយសារភាពរបស់ជនសង្ស័យមានចេតនាទុច្ចរិតក្នុងការប្រើប្រាស់រូបភាពវីដេអូស្ដីពីសកម្មភាពក្រុមគ្រូពេទ្យវះកាត់ដេរប្រដាប់ភេទអតិថិជនដើម្បីទុកបង្ខំទារប្រាក់ពីជនរងគ្រោះជាថ្នូរនិងការមិនបង្ហោះរូបភាពលើបណ្ដាញសង្គម ហ្វេសប៊ុក ។

ប្រភពដដែលបានបញ្ជាក់ថាជនរងគ្រោះបានប្តឹង ស្ត្រីសង្ស័យ ដោយចោទប្រកាន់ថា បានបើកហាងកែសម្ផស្សដោយ ផ្តល់សេវាកម្មកែសម្ផស្សចាក់ថ្នាំឲ្យស និងដេរប្រដាប់ភេទស្ត្រីៗ (ធ្លាប់រួមភេទរួច) ឲ្យរួមតូចដូចនៅក្រមុំ ( ហ្ស៊ីន ) វិញដោយយកតម្លៃ៧០០ដុល្លារក្នុងម្នាក់។លុះបានផ្តល់សេវារួចរាល់ ស្រាប់តែមានវិក័យបត្រ២ គឺមួយតម្លៃ៧០០ដុល្លារ និងមួយទៀតតម្លៃ ២៨០០០ដុល្លារ ដោយអះអាងថា តម្លៃ២៨០០០ដុល្លារ ជាសេវាចាក់ថ្នាំផ្សេងៗ ។

ពេលនោះជនរងគ្រោះបានតវ៉ា លើសេវាផ្សេងៗ ដោយសុំបង់លុយត្រឹម២០០០ដុល្លារ ប៉ុន្តែស្ត្រីសង្ស័យមិនយល់ព្រម ហើយបានទាមទារ៨០០០ដុល្លារ បើមិនបាន៨០០០ដុល្លារទេ គេនឹងបង្ហោះវីដេអូលើបណ្តាញសង្គមហ្វេសប៊ុកឲ្យខ្មាសគេ អំពីរូបភាពជនរងគ្រោះកំពុងទទួលសេវាដេរឬកែប្រដាប់ភេទ ។ក្រោយទទួលការគំរាមបែបនេះ ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្តឹងទៅការិយាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឲ្យចាប់ខ្លួនស្ត្រីសង្ស័យ តែម្តងទៅ៕ ចេស្តា


ចែករំលែក៖