ខេត្តកណ្តាល៖ ក្នុងឱកាសខួបចម្រើនព្រះជន្មាយុគម្រប់៤០ព្រះវស្សាព្រះព្រហ្មវិជ្ជានី សុវណ្ណមុនីរ៉េត បាននិមន្តទៅកាន់តំបន់ជើងភ្នំព្រះរាជទ្រព្យដើម្បីចែកទានជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនចំពោះប្រជាពលរដ្ឋក្រីក្រប្រមាណជាង១០០គ្រួសារ ។
ការចែកទាននេះ ត្រូវបានធ្វើឡើងកាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០១៩ អមការនិមន្តចែកទានដោយសប្បុរសជន សិល្បករសិល្បការិនីចូលរួមផងដែរ ។
កម្មវិធីនេះត្រូវបានរៀបចំឡើងនៅចំណុចភូមិស្រះពោធិ៍ ឃុំភ្នំបាត្រ ស្រុកពញាឮ ខេត្តកណ្តាល ។ អំណោយចែកជូនប្រជាជនមានសរុបចំនួន១៣០គ្រួសារ ដែលមានគ្រឿងឧបភោគបរិភោគមានដូចជាអង្ករ មី ទឹកត្រីទឹកស៊ីអ៊ីវថភេសជ្ជៈ ថ្នាំសង្កូវ និងថវិកាមួយចំនួនផងដែរ ។
ព្រះគ្រូនី សុវណ្ណមុនីរ៉េត មានសង្ឃដីកាថា ការណ៍ដែលព្រះអង្គបានសម្រេចចែកអំណោយពេលនោះព្រោះថ្ងៃ៧មករានេះមិនត្រឹមតែជាថ្ងៃកំណើតទី២របស់ប្រជាជនទាំងអស់នោះទេក៏ត្រូវនឹងថ្ងៃចម្រើនព្រះជម្មរបស់ព្រះអង្គផ្ទាល់គម្រប់៤០ព្រះវស្សាផងដែរ ។ ចំពោះរាល់ការចំណាយក៍មានការជួយឧបត្ថម្ភពីសម្បុរសជនមួយចំនួនដែលបានចូលរួមដោយផ្ទាល់ ។ ព្រះអង្គមានសង្ឃដីកាបន្តថាព្រះអង្គចង់រៀបចំកម្មវិធីសប្បុរសធម៌ខ្លះដើម្បីចែកទានក្នុងថ្ងៃចម្រើព្រះជន្មដោយផ្ទាល់ដៃ នៅតំបន់នេះ និងរួមគ្នាជាមួយញាតិញោមជាសប្បុរសជនដែលមានសទ្ធា បំពេញទានកុសល្យដោយចិត្តបរិសុទ្ធដែលជាអានិសង្ឃមួយដ៏ប្រសើរក្រៃលែង ។
ទោះទាននេះមិនជាច្រើនមិនអាចបំពេញគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃបានមែន ប៉ុន្តែក៏អាចសម្រួលជីវភាព និងជាការឆ្លុះបញ្ចាំងពីការរួមសាមគ្គី វប្បធម៌នៃការចែករំលែកដល់ជនដែលទីទ័លក្រីក្រ ។
ព្រះអង្គក៏មានគម្រោងបន្តចែកទានជូនបន្ថែមសម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងតំបន់នេះប្រមាណជិត១០០គ្រួសារបន្តទៀតសម្រាប់គ្រាបន្ទាប់ ។ ជាមួយនឹងការសាកសួរសុខទុក្ខរបស់ពួកគាត់ ព្រះតេជគុណបានជួយផ្តល់ជាឱវាទ ការអប់រំចិត្ត និងការលើកទឹកចិត្តចំពោះពុទ្ធបរិស័ទ្ធដែលកំពុងប្រឈមនឹងជីវភាពខ្វះខាតឲ្យខិតខំបំពេញការងារ តស៊ូប្រឹងប្រែងក្នុងជីវិតរស់នៅ ប្រព្រឹត្តិអំពើល្អ ជាបុណ្យកុសល វាចាកការលេងល្បែងស៊ីសង អំពើពាលាអាវ៉ាសែ និងស្រលាញ់ថែរក្សាក្រុមគ្រួសារ និងអ្នកនៅជុំវិញខ្លួន ។
គួរបញ្ជាក់ដែរថាប្រជាពលរដ្ឋទាំង១៣០គ្រួសារភាគច្រើនគឺមកពីក្រួសារក្រីក្រក្នុងសហគមន៍តង់ខៀវ ។ អមដំណើរនិមន្តចែកទាននៅកម្មវិធីនេះគេក៏ឃើញព្រះវត្តមានអតីតសិល្បករគឺព្រះតេជគុណអ៊ឹម ជីវ៉ា សប្បុរសជនជាច្រើន និងសិល្បករសិល្បការិនីមួយចំនួនដូចជាកញ្ញា យេយេ លោក ផាឌុន អ្នកនាង ស៊ុន ណារីម៉ូនីកា អ្នកនាងសំ ប៉ូលីដាជាដើម៕ វឌ្ឍនា