ព័ត៌មានទាន់ហេតុការណ៍៖

ឆក់ម្តងមិនបានសម្រេច ទៅម្តងទៀតសន្លប់ស្តូក

ចែករំលែក៖

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ ជិះម៉ូតូមកធ្វើសកម្មភាពឆក់កាបូប ពីនារីម្នាក់ មិនបានសម្រេច ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់បានវាយទ្រមខ្លួន ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩​ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវមុនីរ៉េត​ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។

ជនសង្ស័យឈ្មោះ ព្រីង តួ ភេទប្រុស អាយុ២៧ឆ្នាំ មុនរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ​ទេប ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ សុភក្ត័​ ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅខារ៉ាអូខេអេកូ ស្នាក់នៅក្រោយវត្តស្ទឹងមានជ័យ បាត់បង់កាបូប១ និងម្សៅផាត់មុខមួយចំនួន ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុរួបគាត់បានចេញពីធ្វើការបំណងជិះម៉ូតូម៉ាកធូដេ​ ពណ៌ក្រហម​ ពាក់ស្លាកលេខ ភ្នំពេញ 1FS 4845 ទៅផ្ទះនៅខាងក្រោយវត្តស្ទឹងមានជ័យ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហា​ អ៊ិចហ្សិចទ័រ​ ពណ៌ខៀវ​ ពាក់ស្លាកលេខ ភ្នំពេញ HB 2656 ធ្វើដំណើរមកពីក្រោយហើយ បានធ្វើសកម្មភាពឆក់ការបួបតែមិនបានសម្រេចភ្លាមនោះ ជនសង្ស័យជិះហួសបន្តិចរួចក៏បកមកវិញធាក់ម៉ូតូគាត់ផ្តួលឆក់កាបូបភ្លាមនោះ ក៏មានប្រជាពលរដ្ឋដែលនៅក្បែរឃើញទាន់ក៏ដេញចាប់បានភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចនាំយកទៅប៉ុស្តិ៍រដ្ឋបាលបឹងសាឡាងដើម្បីសាកសួរ ៕ សុខាសែនជ័យ


ចែករំលែក៖