ព័ត៌មានទាន់ហេតុការណ៍៖

នាំ​ប្រពន្ធ​ចុង​ផឹក​ស៊ី​ជាមួយ​ប្រពន្ធ​ដើម​ ពេល​ស្រវឹង​ស្រឿងៗ កើត​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​ដើម​រករឿង​ឈ្លោះ​ផ្អើល​​សមត្ថកិច្ច​ខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីស្រ្តីម្នាក់ស្រែកជេរឈ្លោះប្រកែកគ្នាជាមួយ អតីតបុរសជាប្តីដែលទើបនិងលែងលះគ្នាបានរយះពេលកន្លះខែ ហើយត្រូវកម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋរស់នៅជិតខាងជួយធ្វើអន្តរាគមន៍ ខណះដែលបុរសអតីតជាប្តី​ បានហៅ​ប្រពន្ធ​ចុង​មក​ផឹក​ស៊ី​ជាមួយ​ប្រពន្ធ​ដើម​ជុំគ្នា លុះពេល​ស្រវឹង​ស្រឿងៗ​ ក៏កើត​ភ្លើង​ប្រច័ណ្ឌ​​ ​។
ហេតុការណ៍​ខាងលើនេះ ​បានកើត​ឡើង​កាលពីវេលាម៉ោង​១១និង៣០​នាទី​យប់​ថ្ងៃចន្ទ ២កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ​ទី​៧​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅចំណុចមុខ​ផ្ទះ​លេខ​B3៣ ផ្លូវ​២៤BT ក្រុម៤​ ភូមិត្នោត​ជ្រុំ​ សង្កាត់​បឹងទំពុន​២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។
បុរស​ជាប្តី​ មិនបញ្ជាក់ពីអត្តសញ្ញាណ មានអាយុ​ប្រហែលជាង៣០ឆ្នាំ​ ជា​បុគ្គលិក​ក្រុមហ៊ុនឯកជន​ ។ ចំណែកអតីត​ប្រពន្ធ​ដើម ​ដែល​ទើប​និង​លែង​លះ​គ្នា​បានរយ:ពេល​កន្លះ​ខែ​ មិនស្គាល់ឈ្មោះ អាយុ៣០ឆ្នាំ​ មុខរបរ​បុគ្គលិកភោជនីយដ្ឋានមួយកន្លែង​ និងមាន​កូន​ស្រី​ម្នាក់​ អាយុ​៧ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ​ ​។ រីឯ​ប្រពន្ធ​ចុងមិនស្គាល់អត្តសញ្ញាណដូចគ្នា ​។
តាម​ប្រភពព័ត៍មាន​ពី​ប្រជាពលរដ្ឋ បានឲ្យដឹងថា​ មុនពេលកើតហេតុ​ គេឃើញ​ផ្ទះ​កើតហេតុខាង​លើ​ មាន​កម្មវីធី​ផឹក​ស៊ីនៅ​មុខ​ផ្ទះ​ ដោយ​មាន​មនុស្ស​ប្រុស​ស្រី​ជា​ច្រើននាក់ លុះដល់វេលា​ម៉ោង​កើតហេតុ​ មិន​ដឹង​ជា​យ៉ាង​ម៉េច​ ក៏ស្រាប់តែ​មាន​រឿង​ឈ្លោះ​ប្រកែក​វាយ​គ្នា​ ផ្អើល​ពលរដ្ឋ​និង​សមត្ថកិច្ច​ចុះ​ទៅជួយធ្វើអន្តរាគមន៍ភ្លាមៗ​ ទើប​ដឹង​រឿង​ថា​ ជារឿង​​ប្រច័ណ្ឌ​គ្នា រវាងប្រពន្ធ​ចុង​និង​ប្រពន្ធ​ដើម​ឈ្លោះ​គ្នា ។
បើតាមប្រភពពី​បុរស​ជាប្តី ​បាន​ឲ្យដឹងថា​ រូបគាត់​ជា​មួយ​និង​ប្រពន្ធ​ដើម​ បានចាប់​ដៃគ្នា​រយ:ពេល​ជិត​១០ឆ្នាំហើយ​ ដោយ​បាន​កូន​ស្រី​ម្នាក់​អាយុ​៧ឆ្នាំ​ លុះ​ការ​រស់​នៅ​ជាមួយគ្នាយូរទៅដូចមិន​ចុះ​សម្រុងនិង​គ្នា​ ទើបពួក​គាត់ក៏បានសម្រេចចិត្តរៀងៗខ្លួន​ ដោយផ្តិត​មេដៃ​លែង​លះ​គ្នា​ ចាប់​ពី​ថ្ងៃ​ទី​ ១៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​កន្លងទៅ ។
បុរសជាប្តីបន្តថា ប៉ុន្តែក្រោយពីលែងលះគ្នារួច ប្រពន្ធ​ដើម​គឺ​បាន​មករស់​នៅ​ជុំ​គ្នា​ជាមួយគាត់ដដែល​ ព្រោះតែ​អាណិត​កូនស្រីនៅតូច​ ហើយបច្ចុប្បន្ននេះរូប​គាត់​ក៏​មាន​ប្រពន្ធ​ចុង​មួយ​ទៀត​ ​។ លុះ​នៅ​យប់​ថ្ងៃ​កើតហេតុ​ រូប​គាត់​បាន​រៀប​ចំ​កម្មវីធី​ផឹក​ស៊ីជួប​ជុំ​បងប្អូន​មិត្ត​ភក្តិ​ នៅ​មុខ​ផ្ទះ​ជាមួយ​និង​ប្រពន្ធ​ដើម​ ក្រោយ​មក​ប្អូន​ស្រី​របស់​គាត់​ បាន​ទៅឌុប​ប្រពន្ធ​ចុង​របស់​គាត់​មកលេង និងបាន​ហូប​ចុក​ផឹក​ស៊ី​ជាមួយ​គ្នា​ តែរូប​គាត់​បានប្រាប់​ប្រពន្ធ​ដើម​ហើយ ថាកុំ​ឲ្យ​រករឿង​គ្នា​ លុះ​ពេលប្រពន្ធដើមផឹក​​ស្រវឹងស្រឿង​ ស្រា​ប់​តែ​​គាត់​កើត​ភ្លើង​ប្រច័ណ្ឌ​ប្រពន្ធ​ចុង​ ក៏បាន​រក​រឿង​វាយ​ប្តី និងជេរគ្នា​ផ្អើលអ្នក​ជិតខាង​តែម្តង​ ។
ក្នុងហេតុការណ៍នោះដែរ ស្ត្រី​ជាប្រពន្ធ​ដើម​ គិត​តែ​ពីឈរ​ជេរ​ ហែក​ហួង​ អស់​កេរ៍​គ្មាន​សល់​ ចន្លោះ​ត្រង់​ណា​នោះទេ​ ហើយ​ស្ត្រី​ជាប្រពន្ធ​ចុង​ ក៏មិន​បាន​ចេញ​មុខ​មកដែរ​ គឺ​សម្ងំ​នៅ​ក្នុង​ផ្ទះ​ រហូតបុរសជាប្តី​ ​លួងលោម​ឲ្យ​ស្ត្រី​ប្រពន្ធ​ដើម​ និង​សម្របសម្រួល​ចូល​ក្នុង​ផ្ទះ​ដេក​បាត់ទៅ ។ចំណែកសមត្ថកិច្ចដោយឃើញថាគ្មានរឿងអ្វីធំដុំ ក៏នាំគ្នាត្រលប់មកធ្វើការបន្តទៀតវិញ​ ៕ស រស្មី

ចែករំលែក៖