ព័ត៌មានទាន់ហេតុការណ៍៖

ធុងខ្យល់ឆ្លងចរន្ដអគ្គិសនី បុរសម្នាក់យកដៃច្រតពីលើបណ្ដាលឲ្យឆក់ស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ឃើញធុងខ្យល់អស់ខ្យល់ពីក្នុងធុង យកឌុយទៅដោតជាមួយប៊្រីភ្លើង រួចយកដៃទៅច្រតពីលើធុងផ្ទុកខ្យល់ ឆ្លងចរន្ដបណ្ដាលឲ្យឆក់ស្លាប់តែម្ដង ។ ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១១និង២០នាទី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចរោងស្នាក់នៅរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូលខេត្តកណ្ដាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ប្រិច ព្រឿង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ មានស្រុកកំណើតនៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា កន្លងមកជនរងគ្រោះបានចាកចេញពីស្រុកកំណើតរបស់ខ្លួននៅឯខេត្ដព្រៃវែង មករស់នៅក្នុងភូមិកើតហេតុខាងលើ ដើម្បីធ្វើជាងសំណង់ជាមួយឪពុករបស់ខ្លួនអស់រយៈពេលជាងមួយឆ្នាំមកហើយ ។ លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានចេញមកពីកន្លែងធ្វើការសំណង់ មករោងស្នាក់នៅរបស់ខ្លួន ខណៈនោះឃើញកម្មករសំណង់ដែលធ្វើការជាមួយគ្នាបណ្តើរម៉ូតូដោយកង់ធូ ភ្លាមនោះម្ចាស់ម៉ូតូក៏ឈប់ រួចឲ្យជនរងគ្រោះជួយសប់កង់អោយ ភ្លាមនោះ ជនរងគ្រោះបានយកឌុយម៉ូទរ័ម៉ាស៊ីនបូមខ្យល់ទៅដោត នឹងព្រីភ្លើង ដើម្បីបូមខ្យល់ចូលធុងខ្យល់ ព្រោះក្នុងធុងផ្ទុកខ្យល់អស់ខ្យល់ពីក្នុងធុង បន្ទាប់ពីដោតឌុយរួច ជនរងគ្រោះបានយកដៃច្រតលើធុងខ្យល់ ស្រាប់តែមានចរន្តភ្លើងឆ្លង បានឆក់ជនរងគ្រោះបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែនោះ និងបានហៅរថយន្ដសាមុយរបស់មន្ទីរពេទ្យបង្អែករការកោង ដឹកជនរងគ្រោះយកទៅសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

ក្រោយពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុ រួចធ្វើការពិនិត្យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែរអគ្គិសនីប្រាកដមែន ។ ចំណែកសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្ដព្រៃវែងតាមប្រពៃណី ៕ស្អាងជ័យ


ចែករំលែក៖