ព័ត៌មានទាន់ហេតុការណ៍៖

ប្រើប្រាស់ល្បឿនលឿនជិះម៉ូតូមិនប្រយត្ន័បុកគូថម៉ូតូស្របគ្នារងរបួសធ្ងន់២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរស២នាក់បានរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ២គ្រឿង បុកគូថស្របទិសគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យដួលខ្ទាតច្រង៉ាប់ច្រងឹល ពេញផ្លូវបង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្តស្វាយរៀង ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ១៣ ក្រាលកៅស៊ូ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៦ និង២៧ត្រង់ចំណុចភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលស្រុករមាសហែកបានឲ្យដឹងថា បុរស ដែលបង្កហេតុមានឈ្មោះមាស សុផល អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀន រស់នៅភូមិត្រពាំងត្បាល ឃុំអណ្តូងពោធិ ស្រុករមាសហែក ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាក HONDA.C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2006 ពាក់ស្លាកលេខ កោះកុង 1A.2544 ខូចខាតយ៉ាងដំណំ ។

ចំណែកភាគីម៉ូតូរងគ្រោះ មានម្ចាស់ឈ្មោះ គង់ សុខា អាយុ35ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងរំដេញ ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពបន្តថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាក HONDA.WAVE ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង 1I.4534 ធ្វើដំណើរពីទិសខាងត្បូងមកជើង ខណៈនោះស្រាប់តែមាន បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាក HONDAC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ2006 ពាក់ស្លាកលេខ កោះកុង 1A.2544 ប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយត្ន័ស្រាប់តែបុកគូថពីក្រោយយ៉ាងពេញទំហឹងធ្វើឲ្យមនុស្ស​ និងម៉ូតូឲ្យដួលខ្ទាតច្រង៉ាប់ច្រងឹលពេញផ្លូវបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្ន អ្នករងរបួសទាំងសងខាង ត្រូវបានបងប្អូនក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តស្វាយរៀង និងវាស់វែងអូសយកវត្ថុតាងមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គប្រស្រែ ដើម្បីដោះស្រាយពេលក្រោយ ៕ យឹម សុថាន


ចែករំលែក៖