ខេត្តពោធិ៍សាត់៖ លោក វរសេនីយ៍ឯក នាង សាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងនាព្រឹកថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នេះថា ប្រជានេសាទប្រទះឃើញសាកសពអត់ស្លៀកខោលើកាណូតអណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប បង្កការភ្ញាក់ផ្អើលសង្ស័យជាករម្មឃាតកម្មប៉ុន្តែកំពុងស្ថិតក្នុងស្រាវជ្រាវនៅឡើយ។
លោក អធិការបន្តថា បើតាមសេចក្ដីរាយការណ៍ពីមូលដ្ឋាននៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ម្សិលមិញកន្លងមកថ្មីៗនេះ ពលរដ្ឋប្រទះឃើញនៅលើផ្ទៃទឹកបឹងទន្លេសាប ត្រង់ចំណុចព្រែករានអំបិល ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ស្ថិតក្នុងភូមិព្រែកក្រ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោក បន្តទៀតថា ករណីសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបងសហការ ចុះធ្វើការពិនិត្យ និងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ខ្ពស់ សាកសពអត់ស្លៀកខោមានរបួសសង្ស័យជាករណីឃាតកម្ម ហើយអាចកើតហេតុនៅលើទឹកដីខេត្តបាត់ដំបង ប៉ុន្តែរសាត់ចូលមកខាងដីខេត្តពោធិ៍សាត់ សាកសពគេស្គាល់ជាមន្រ្តីអង្កការបរិស្ថាន សត្វព្រៃ ព្រៃឈើ ជលផលកម្ពុជា បានប្រគល់ជូនសាច់ញាត្តិនៅខេត្តសៀមរាប ករណីសមត្ថកិច្ចខេត្តបាត់ដំបងបន្តនីតិវិធី៕ បឹុម ពិន