ព័ត៌មានទាន់ហេតុការណ៍៖

មិនគាំទ្រនយោបាយ​ Brexit ​តែសភា​នៅតែផ្តល់ទំនុកចិត្តលើរដ្ឋាភិបាលអង់គ្លេស

ចែករំលែក៖

កិច្ចព្រមព្រៀង​ Brexit ដែល​លោកស្រី May បានខិតខំចរចា​ជាមួយមេដឹកនាំ​សហភាពអឺរ៉ុប​ នាពេលកន្លងមកនេះ​ ​បានទទួល​បរាជ័យក្នុង​សំឡេងឆ្នោត ២០២ គាំទ្រទល់នឹង​ ៤៣២ប្រឆាំង ដែល​បង្ក​ឲ្យ​មានការអំពាវនាវ​បោះឆ្នោត​ស្ទង់ទំនុក​ចិត្ត​​ភ្លាមៗ​ ពីសំណាក់​​ប្រធាន​គណបក្សប្រឆាំង​លោក ជែរែមី ខ័រប៊ីន (Jeremy Corbyn)។

ដោយសារតែ កិច្ចព្រមព្រៀង Brexit ខាងលើត្រូវសភា​អង់គ្លេសទាត់ចោល លោកស្រី ត្រូវដាក់គម្រោង Plan B ទៅកាន់​សភា​ បើសិនជារួចខ្លួនពីការ​បោះឆ្នោតស្ទាបស្ទង់​ទំនុកចិត្ត ហើយបន្ទាប់ពីនោះ គឺមានជម្រើស​តែ ០៤ប៉ុណ្ណោះ គឺអង់គ្លេស​ដើរ​ចេញពី​សហភាពអឺរ៉ុប​ដោយពុំមានកិច្ចព្រមព្រៀង​រវាងគ្នា, អង់គ្លេសចរចា​ឡើងវិញជាមួយ​សហភាពអឺរ៉ុប, ការរៀបចំ​ប្រជាមតិឡើង​វិញពី Brexit, និងចុងក្រោយ​គឺលុបគម្រោង Brexit ចោលតែម្តង ដោយអង់គ្លេស​នឹងនៅតែជាសមាជិក​សហភាព​អឺរ៉ុប​ដដែល​។

ប៉ុន្តែ ជាលទ្ធផល ការបោះឆ្នោត ដោយមាន ​សំឡេងគាំទ្រ ៣២៥ និងប្រឆាំង​៣០៦ តំណាងរាស្ត្រ​ អង់គ្លេសបានបង្ហាញនូវទំនុកចិត្ត ចំពោះរដ្ឋាភិបាលរបស់លោកស្រី​ Theresa May ​ ។ ការផ្តល់ទំនុកចិត្តខាងលើ​ធ្វើឡើង ក្រោយរយៈពេល​២៤ម៉ោង​ដែលសភា មិនបោះឆ្នោតអនុម័តទៅលើសំណើ Brexit ដែលលោកស្រី​ May ​បានស្នើឡើង ធ្វើឲ្យគម្រោងចាកចេញពី​អឺរ៉ុបធ្លាក់នៅក្នុងភាពចលាចល​។

ក្រោយលទ្ធផលបោះឆ្នោតផ្តល់ទំនុកចិត្ត ដែលបានប្រកាសជាសាធារណៈ ដោយទទួលបានការស្វាគមន៍ពីតំណែងរាស្ត្រគណបក្សប្រឆាំង លោកស្រី May ​បញ្ជាក់ថា សភា មានភារកិច្ច ក្នុងការស្វែងរក​ដំណោះស្រាយ បំពេញទៅតាមលទ្ធផលនៃការបោះឆ្នោតប្រជាមតិ កាលពីឆ្នាំ​២០១៦​ស្តីពីការចាកចេញ ពីអឺរ៉ុប ។

លោកស្រី​ May ​មានប្រសាសន៍ក្រោយ​ការបោះឆ្នោតប្រជាមតិថា​«យើង ពេញចិត្តចំពោះ សភាដែលបន្តផ្តល់ទំនុកចិត្តលើរដ្ឋាភិបាល​ យើងសូមសន្យាថា​នឹងបន្ត ខិតខំដើម្បីអង់គ្លេស​កាន់តែមានភាពរុងរឿង។ ខ្ញុំជឿជាក់ថា​ សមាជិករដ្ឋសភា នឹង ចូលរួមចែករំលែកនូវភារកិច្ច ក្នុងការកំណត់គោលដៅ ជួយឲ្យរដ្ឋាភិបាល ទទួលបានជោគជ័យ ក្នុងការអនុវត្ត​តាមគោលបំណងចងបានរបស់ពលរដ្ឋ »៕


ចែករំលែក៖