ភ្នំពេញ៖ រថយន្តកាមរី ហាយព្រីត មួយគ្រឿងបើកក្នុងល្បឿនលឿនទាំងបំ ពាន់ភ្លើងស្តុប បានជ្រុលទៅបុកនិងរថយន្ត CRV ដែលកំពុងបើកឆ្លងផ្លូវបណ្តាលឲ្យរងការខូចខាតហើយ រថយន្តបង្កមិនទាន់អស់ល្បឿនក៏រេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវ បណ្តាលឲ្យបាក់អស់ចំនួនបីកង់បន្ថែមទៀត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៩ ចំណុចផ្លូវ ១៩៩កែងនិងផ្លូវ ម៉ៅសេងទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់ បានបើករថយន្តម៉ាក CRV សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AC 5187 បានធ្វើដំណើរតាមផ្លូវ ១៩៩ ក្នុងទិសដៅ ពីកើតទៅលិច ខណៈមកដល់មកដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែកជាបួន ព្រមទាំងមានភ្លើងស្តុប អទិភាពរបស់ខ្លួន ក៏បន្តឆ្លងកាត់ទទឹងផ្លូវទៅមុខទៀត ហើយស្របពេលនោះដែរ ក៏ស្រាប់តែមានបើករថយន្តម៉ាក កាមរី ហាយព្រីត សេរីឆ្នាំ២០១១ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ 2R 2202បើកបរដោយបុរសម្នាក់រួមនិងនារីវយ័ក្មេង ទៀត បានធ្វើដំណើរតាមផ្លូវ ម៉ៅសេងទុង ក្នុងទិសដៅ ពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចហោះ ព្រមទាំងបំពាន់ភ្លើងស្តុបផងនោះ ក៏បានជ្រុលទៅបុកនិងរថយន្ត CRV ចំផ្នែកខាងមុខបណ្តាលឲ្យរងការខូចខាត យ៉ាងដំណំ ហើយភ្លាមៗនោះដែររថយន្តបង្ករមិនទាន់អស់ល្បឿន ក៏រេចង្កូតជ្រុលទៅបុកនិង ក្បាលនាគពុះចែកផ្លូវបណ្តាលឲ្យរងការខូចខាត បាក់ខ្ទាតអស់ចំនួន៣កង់បន្ថែមទៀត ទើបរថយន្តខ្ទេចផ្នែកខាងកល់ទៅមុខលែងរួច ព្រមទាំងធ្វើឲ្យជិះក្នុងរថយន្តប្រុសស្រីទាំង២នាក់ រងរបួសតិចតួច ហើយបានគេចចេញពីកន្លែងកើតហេតុបាត់ ។
ក្រោយពេលកើតហេតុ ឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែង ព្រមទាំងទំនាក់ទំនងទៅខាងជំនាញ ឲ្យមកវាស់វែងស្ទូចយក រថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕សុខាសែនជ័យ