ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងខាងស្តាំ បន្ទាប់ពីបើករថយន្តដល់ផ្លូវកោង ស្រាប់តែរេចង្កូតទៅបុកពីក្រោយរថយន្តដឹកលូ ដែលបែកកង់ ចតនៅលើចិញ្ចើមផ្លូវជាតិលេខ៥៧ កាលពីវេលាម៉ោង ០៨:២០ នាទីព្រឹក ថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១៩ នៅចំណុចភូមិអូររអិលឃុំ ស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកសាលាក្រៅបានបន្តថា: ករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានរថយន្ត និងរថយន្ត៣គ្រឿងបុកពីក្រោយគ្នា ។ ទី១អ្នកបើកបររថយន្តបង្កឈ្មោះ រ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបើកបរ និងអ្នករួមដំណើរម្នាក់ ។ ២អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ចតលើចំណីផ្លូវ ដឹកលូ ឈ្មោះ ស៊ុន សុខុម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសាមគ្គី សង្កាត់ ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ បើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ប្រភេទ រថយន្តស្ទូច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣C ៥៤៨០ ដោយរថយន្តបែកកង់ចតនៅលើចំណីផ្លូវ (គ្មានរបួស) ។ ទី៣ រថយន្តថៃ បើកបរដោយឈ្មោះ Kitiphat potsungnoen ភេទ ប្រុស អាយុ ៤៧ឆ្នាំ ជនជាតិថៃ មានទីលំនៅនៅភូមិ មឿង ឃុំ ឡុងបន ស្រុកមឿង ខេត្តស្រះកែវ បើករថយន្តសណ្ដោង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ស្រះកែវ ៧០ . ១១៦៣ (គ្មានរបួស )។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តទាំងបីគ្រឿង បើកបរស្របទិសគ្នា ពីកើតទៅលិច ហើយនៅមុនកើតហេតុ រថយន្តស្ទូចដឹកលូ បានបែកកង់ រួចបានដាក់ស៊ីញ៉ូ តែមើលមិនសូវឃើញ ស្រាប់តែតៃកុងរថយន្តបង្ក តៃកុងងងុយដេកងោកមួយភាំង រេចង្កូតរថយន្តដឹកស្វាយទៅបុករថយន្តចតនោះ រួចមក រថយន្តថៃបើកមកពីក្រោយ ស្របគ្នាទៅប៉ះពីក្រោយបន្ថែមខូចខាតតិចតួច។
បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន និងបញ្ជូនបន្តទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបង ។ ឯរថយន្តភាគីទាំងសងខាង ត្រូវបានកម្លាំងចរសចរណ៍ខេត្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីដោះស្រាយតាមនីតិវិធី ៕ សសារ៉េត