ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យម្នាក់ ដែលបង្ខាំងមនុស្សជំរិតទារលុយបានសម្រេច នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង តាមប្រមាញ់ចាប់បាន ក្រោយពីជនសង្ស័យមកសម្ងំលាក់ខ្លួននៅផ្ទះសំណាក់មួយកន្លែងស្ថិតនៅក្នុងភូមស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ។
ប្រតិបត្តិការណ៍នេះ គឺធ្វើឡើងកាលពីវេលានៅវេលាម៉ោង៥និង៣០នាទីរសៀល ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យនេះមានឈ្មោះ ស្រេង បុរី ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតភូមិកូនក្អែក១ ឃុំរបោះមង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានទីលំនៅ មិនពិតប្រាកដ ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១កន្លងទៅ ជនសង្ស័យខាងលើ បានធ្វើសកម្មភាព ចាប់ជនរងគ្រោះម្នាក់ឈ្មោះ ឈុន សុវណ្ណរ័ត្ន ភេទប្រុស អាយុ១៤ឆ្នាំ មានទំលំនៅ ភូមិ/សង្កាត់-ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ក្នុងពេលដែលជនរងគ្រោះ បានចេញពីសាលារៀន មកឈរចាំរថយន្តក្រុងដើម្បីជិះទៅផ្ទះ ក៏ត្រូវជនសង្ស័យល្បួងជនរងគ្រោះដោយប្រាប់ថា ចាំជូនទៅផ្ទះ ពេលដែលយកទៅ ក៏បង្ខាំងក្មេងប្រុសរងគ្រោះទុកតែម្តង រួចបានទូរស័ព្ទទៅប្រាប់ឪពុកម្តាយជនរងគ្រោះ ដោយទារប្រាក់ចំនួន២០០០ដុល្លារ និង បានចរចារត្រូវគ្នាចំនួន៥០០ដុល្លារ និងវេលុយឲ្យជនសង្ស័យចំនួន៥០០ដុល្លារ ក្រោយពីទទួល បានលុយហើយ ជនសង្ស័យបានដោះលែងក្មេងប្រុសរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញ ។
បន្ទាប់ពីបានទទួលបានក្មេងរងគ្រោះរួចត្រូវ អាណាព្យាបាលក្មេងប្រុស បានដាក់ពាក្យបណ្តឹងទៅសមត្ថិកិច្ច ដើម្បីធ្វើការស្រាវជ្រាវ រកមុខសញ្ញាជនសង្ស័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្រោយពីជំរិតទារប្រាក់បានសម្រេចហើយនោះ បានមកសម្ងំលាក់ខ្លួននៅភ្នំពេញមួយរយៈ ហើយក៏មកស្នាក់នៅក្នុងភូមិសាស្រ្តនៃខេត្តកំពង់ឆ្នាំង ។ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចបានស្រាវជ្រាវដឹងថា ជនសង្ស័យស្ថិតនៅចំណុចភូមិស្រែព្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងបានដាក់កម្លាំងព័ទ្ធចាប់តែម្តង ។
ក្រោយពីធ្វើការឃាត់ខ្លួន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង ប្រគល់ឲ្យសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបន្តទៅតាមនីតិវិធី ៕ ចន្ថា