ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ស្លាប់ភ្លាមៗ ក្រោយរថយន្ត និងម៉ូតូបុកគ្នាពេញទំហឹង

ចែករំលែក៖

ខេត្តរតនគីរី៖ រថយន្តសាំយ៉ុងមួយគ្រឿងបុកម៉ូតូពេញទំហឹងបណ្តាលឲ្យមនុស្សម្នាក់ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹកហើយទុករថយន្តចោលរត់គេចបាត់ស្រម៉ោលតែម្តង កាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិភ្នំសង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ យ៉យ តុលា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស មានទីលំនៅ ភូមិឡាប៉ូ សង្កាត់យក្ខឡោមក្រុងបានលុងខេត្ត រតនគិរី ស្លាប់ភ្លាមៗនៅ នឹងកន្លែងកើតហេតុ ។ ចំណែកម្ចាស់រថយន្ត ម៉ាក់សាំយ៉ុង ពណ៌សពាក់ ស្លាកលេខ ភ្នំពេញ ២Q-៩៧៥១ ក្រោយកើតហេតុភ្លាមៗ រត់គេចខ្លួនបាត់ស្រមោលតែម្តង ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លោក ហួត បូរី អធិការក្រុងបានលុងបានឲ្យដឹងថា រថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសគ្នាដល់ចំណុចកើតហេតុ បុកពេញទំហឹងបណ្តាលឲ្យមនុស្ស និងម៉ូតូខ្ទាតចូលប្រឡាយផ្កាប់មុខរយះខោអាវស្លាប់ភ្លាមៗតែម្តង ។

វត្ថុតាងម៉ូតូ និងរថយន្តត្រូវសមត្ថជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោគរង់ចាំដោះស្រាយតាមក្រោយ ។ សាកសពបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។

លោក មឿង សារិទ្ធ ស្នងការរងទទួលផែនចរាចរណ៍ជើងគោកបានបញ្ជាក់ប្រាប់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយបើកបរបញ្ច្រាសទិសគ្នា ហើយទាំងរថយន្ត និងម៉ូតូធ្វើចរាចរណ៍លើដងផ្លូវ ដោយខ្វះការប្រុងប្រយ័ត្នទាំងសងខាង ទើបជួបគ្រោះថ្នាក់បែបនេះ ៕ ជីវន្ត័


ចែករំលែក៖