ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបករណីគ្រឿងញៀនក្នុងក្លឹបប្រូ ឃាត់ជនសង្ស័យ៥៨នាក់

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រីជាជនជាតិបរទេសចំនួន៥៨នាក់ ត្រូវបានកម្លាំងជំនាញ (ក៨)និង(ក៣) នៃមន្ទីរប្រឆាំងគ្រឿងញៀន ចុះឃាត់ខ្លួននៅយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ ក្នុងក្លឹបប្រូ ដែលស្ថិតនៅផ្លូវព្រះមុនីវង្ស ផ្ទះលេខ៧៥៧ និង៧៥៨ ក្រុម ២៦ ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលពួកគេទាំងនោះ បានប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន ។

ក្នុងកិច្ចប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យជាជនជាតិបរទេសចំនួន៥៨នាក់ (ស្រី២៤) រួមមាន ៖ ជនជាតិចិន២៩នាក់ ស្រី៥នាក់ , ជនជាតិវៀតណាម ២៣នាក់ ស្រី១៥នាក់, ជនជាតិថៃ ០២នាក់ ភេទស្រី, ជនជាតិខ្មែរ ០៣នាក់ ស្រី២នាក់ និងជនជាតិកូរ៉េ ០១នាក់ ភេទប្រុស។ ធ្វើតេស្តទឹកម៉ូត វិជ្ជមាន៥២នាក់ អវិជ្ជមាន០៦នាក់ ។

សមត្ថកិច្ចជំនាញបានបញ្ចាក់ថា មុខងារជនសង្ស័យរួមមាន៖ អនុប្រធានក្រុមហ៊ុន០១នាក់ ជាម្ចាស់ទីតាំង។ មេការធំ១នាក់ មេការតូច ០១នាក់ ជាអ្នកចាត់ចែង។ អ្នកប្រើប្រាស់៥៣នាក់ +អ្នកកំដរ ០២នាក់។ ចាប់យកវត្ថុតាង : អ៊ិចស្តាស៊ីគ្រាប់ទម្ងន់២,០៥ក្រាម ម្សៅគេតាមីន៦,៥៨ក្រាម។ ម្សៅកាហ្វេអ៊ិចស្តាស៊ី ៩៧,០៨ ក្រាម។

សូមបញ្ជាក់ថា វត្ថុតាងខាងលើនេះ មិនទាន់មានអ្នកទទួលខុសត្រូវទេ ដោយថ្នាំទាំងនេះរាយប៉ាយលើតុ ជ្រុះដី ពូកគេបដិសេធន៍ទាំងអស់គ្នា ។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖