ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយសាររថយន្ត២គ្រឿង បើកក្នុងល្បឿនលឿនប្រដេញប្រជែងកៀរគ្នា ហើយបានជ្រុលទៅឡើងសួនធ្លាយទៅម្ខាង និងមួយគ្រឿងទៀត បាក់ដាច់ចង្កូត និងបែកកង់ ទៅមុខលែងរួច។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៥៥នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុចភូមិស្រែតេជ្ជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តFUSO ពណ៌ ឆ្នូតក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3E-2523 ប្រភេទកុងតឺន័រ សណ្តោងកន្ទុយទ្រុងបែន បើកពីជើងទៅត្បូង ហើយរថយន្តនីសាន់កែច្នៃ ពាក់ស្លាកលេខ ចង្កូតស្តាំ PP-0436 ប្រភេទបែនកង់៦ បើកទៅតាមពីក្រោយ ព្យាយាមវ៉ាជែង ត្រូវបាន រថយន្តFUSOមិនឲ្យវ៉ា ទើបបើកប្រដេញគ្នា ប្រកៀកប្រកើយ រេឆ្វេង រេស្តាំ ប្រជែងគ្នា ចម្ងាយដីជាង១គីឡូម៉ែត្រ ដល់ចំណុចកើតហេតុ រថយន្តនីសាន់ ចូលគន្លងខាងស្តាំ ត្រូវបានរថយន្តFUSO ងាកក្បាលចូលទើបកៀរគ្នា ហើយFUSO ហោះឡើងខឿនសួនច្បារ បាក់អូសធ្លាយទៅម្ខាងជាង១០ម៉ែត្រ បែកកង់មុខក្រោយ។ ចំណែករថយន្តនីសាន់ បែកកង់មុខខាងឆ្វេង ដាច់ចង្កូត វិលកាត់ទទឹងផ្លូវ ។
ប្រជាពលរដ្ឋបានឲ្យដឹងដែរថា នេះសំណាងហើយ អ្នកបើកបរលេងល្បែងជាមួយល្បឿន ប្រកួតប្រជែងប្រណាំងរថយន្ត ជួបគ្រោះថ្នាក់តែក្រុមគាត់ និងបង្កប៉ះពាល់សួនខឿនរបស់សាលាក្រុង ចុះបើមានប៉ះពារដល់អ្នកដ៍ទៃ មិនកាន់តែធ្ងន់ធ្ងរហើយ ។
ក្រោយកើតហេតុ ស្ត្រីម្នាក់ជាភាគីខាងរថយន្តធំ មកទាមទារឲ្យរថយន្តបែនចេញសង មិនទាន់បានមួយសន្ទុះផង សមត្ថកិច្ចចុះមក ឃាត់អ្នកបើកបរទាំងសងខាង រួចនាំទៅប៉ុស្តិ៍ រង់ចាំប្រគល់រថយន្តទាំង២គ្រឿងនិងអ្នកបើកបរចិត្តសឿងទាំង២នាក់ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលក្រុងភ្នំពេញរង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត ៕ សុខាសែនជ័យ