ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងយន្ត នឹងម៉ូតូ នៅត្រង់ចំណុចបង្គោលភ្លើងលេខ P876-202 លើផ្លូវលេខ១៥១ ភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅវេលាម៉ោង១៣និង០០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ។
ប្រភពព័ត៌មានឲ្យដឹងថា រថយន្តម៉ាក COROLLA ពណ៌បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2H-7719 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីលិចទៅកើត បើកបរដោយឈ្មោះ សេង រ៉ាទី ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបឹងប្រិយ៍ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ ។ លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយម៉ូតូគ្រឿងម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HA-2132 ធ្វើដំណើរលើផ្លូវលេខ១៥១ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ព្រំ សុភា ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរភ្លាមៗផងដែរ ។
បច្ចុប្បន្ន មធ្យោបាយទាំងពីរគ្រឿង និងអ្នកបើកបររថយន្ត សមត្ថកិច្ចនាំយកទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយតាមនីតិវិធី ៕ ចាន់ធឿន