ភ្នំពេញ៖ នារីម្នាក់បានស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ ខណៈទើបតែចេញពីញាំអីជាមួយមិត្តភក្តិ ហើយត្រូវរថយន្តបើកដេញបុកអូសជិត២០០ម៉ែត្រ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ នៅចំណុចជាប់របងសួនចំការព្រីង ស្ថិតតាមបណ្តោយផ្លូវ២០១១ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
តាមនារីម្នាក់បានអះអាងថា គាត់ជាមិត្តភក្តិជនរងគ្រោះដោយស្គាល់ តែឈ្មោះស្រីមុំ អាយុ២៨ឆ្នាំ មុខរបបុគ្គលិកកន្លែងវាយកូនហ្គោល ផ្លូវហានណូយ មានស្រុកកំណើតនៅភូមិរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ។
សាក្សីបានបន្តថា មុនពេលកើតហេតុរូបនាង និងគាត់ថែមទាំងមិត្តប្រុស២នាក់ទៀតសរុប៤នាក់ បាននាំគ្នាទៅញាំអីនៅត្រើយម្ខាងជ្រោយចង្វា ខណៈញាំរួចក៏បាននាំគ្នាមកផ្ទះវិញដោយនារីជាជនរងគ្រោះជិះម៉ូតូម៉ាកzoomerxម្នាក់ឯង ចំណែកគាត់ជិះរថយន្តជាមួយសង្សារ ។ ពេលនោះ គាត់បានឲ្យជនរងគ្រោះជិះរថយន្តជាមួយគ្នាដែរ តែនាងមិនព្រម ដោយបំណងទៅគេងផ្ទះរបស់គាត់នៅជិត និងចំការព្រីងដែរ ។ ពេលនោះក៏ជិះបែកគ្នា ដោយនារីគ្នាជិះម្នាក់ឯងក្រោយមកទើបមានគេតេមកប្រាប់ថានារីរងគ្រោះត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ ។
បើតាមការបង្ហើបពីប្រភពព័ត៌មានផ្សេងទៀតបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីរងគ្រោះជិះម៉ូតូតាមបណ្តោយផ្លូវលេខ២០១១ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកឡិចស៊ិសមួយគ្រឿងបើកតាមក្រោយដេញបុកអូនជិត២០០ម៉ែត្របណ្តាលឲ្យនារីរងគ្រោះស្លាប់យ៉ាងអាណោចអាធ័មតែម្តងហើយរថយន្តគេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុសពត្រូវបានសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ