ព័ត៌មានទាន់ហេតុការណ៍៖

បទល្មើសនេសាទនៅខេត្តកោះកុង​ជំនាញបាចទឹកដាក់សមត្ថកិច្ច​

ចែករំលែក៖

ខេត្តកោះកុង៖ បទល្មើសនេសាទ​នៅខេត្តកោះកុង​បាននិងកំពុងកើតមានជាហូរហែ​ ដែលក្នុងនោះសមត្ថកិច្ចជំនាញរដ្ឋបាលជលផលដាក់ការទទួលខុសត្រូវទៅលើសមត្ថកិច្ចដទៃ ដែលមានជាច្រើន​ស្អេកស្កះ ហើយទទួលស្គាល់ថា បទល្មើសនេសាទ បានកើតមានលើផ្ទៃសមុទ្រនោះមែន ។ មិនតែប៉ុណ្ណោះ មិនមែន​អ្នកនេសាទខ្មែរបង្កបទល្មើសនោះទេ ផ្ទុយទៅវិញ ជនបរទេសនៃប្រទេសជិតខាង​បានប្រើឧបករណ៍នេសាទខុសច្បាប់ និងចូលមកនេសាទក្នុងដែនសមុទ្រខ្មែរយ៉ាងអនាធិបតេយ្យ ។

ប្រជានេសាទសមុទ្រ​ក្នុងខេត្តកោះកុង ដែលប្រកបរបរដាក់មង​ត្រីកាម៉ុង ឬត្រីផ្លាធូ ដើម្បី​យកទៅលក់បានប្រាក់គ្រាន់ចិញ្ចឹមជីវិតនោះមានចម្ងល់ចំពោះសេចក្តីជូនដំណឹង​របស់ក្រសួងកសិកម្ម ក៏ដូចជាអគ្គនាយកដ្ឋានរដ្ឋបាលជលផល ស្តីពីការបិទ​ការធ្វើនេសាទ​ត្រីកាម៉ុងសម្រាប់រដូវនេសាទឆ្នាំ២០១៩នេះ ។ នៅគ្រាដែលប្រជានេសាទខ្មែរគោរពតាមសេចក្តីជូនដំណឹងនេះ បែរជាមានជនបរទេស​នេសាទរាប់រយទូកក្នុងមួយថ្ងៃៗ មិនដែលខ្វល់ និងការអនុវត្ត​តាមនោះឡើយ ។

បើតាមប្រជាពលរដ្ឋខ្មែរ​បានឲ្យដឹងថា ពួកឈ្មួញអ្នកនេសាទដែលប្រើឧបករណ៍នេសាទខុសច្បាប់ និងទូកចាប់ត្រីកាម៉ុង កំពុងប្រព្រឹត្តល្មើស​បំពានទៅនឹងសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការនោះឡើយ ។ សព្វថ្ងៃនេះ ទូកអ្នកនេសាទរបស់ប្រទេសជិតខាង បាន​និងកំពុង​ធ្វើនេសាទយ៉ាងគគ្រឹកគគ្រេងក្នុងដែនសមុទ្រខ្មែរ បំពានសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ។ សេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម​ឲ្យដឹងថា រដូវបិទនេសាទត្រីកាម៉ុង ឬត្រីផ្លាធូ នៅក្នុងដែននេសាទសមុទ្រ​កម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០១៩ជាកំហិត ។

ប្រជានេសាទជាលក្ខណៈគ្រួសារ បានត្អូញត្អែរថា ចំពោះការបិទមិនឲ្យធ្វើរបរនេសាទ គឺមានការនេសាទប្រភេទត្រីកាម៉ុង ដោយពួកគាត់លើកឡើងថា មុខរបរមួយនេះ ជាមុខរបរសម្រាប់ចិញ្ចឹមឆ្នាំងបាយ របស់ពួកគាត់ ដើម្បីរស់ត្រឹមមួយពេលៗតែប៉ុណ្ណោះ ពោលគឺបានព្រឹកខ្វះល្ងាច បានល្ងាចខ្ចះព្រឹក ប៉ុន្តែប្រសិនបើក្រសួងស្ថាប័នពាក់ព័ន្ធមកហាមឃាត់ មិនឲ្យធ្វើនេសាទជាដាច់ខាតនោះ គឺពួកគាត់នឹងត្រូវដាច់បាយ។

ផ្តើមពីបញ្ហានេះ ក្រុមប្រជានេសាទជាលក្ខណៈគ្រួសារ ក៏បានរិះគន់ថ្នាក់ដឹកនាំ មន្ទីរកសិកម្មខេត្តកោះកុង និងប្រធានជលផលខេត្តនេះថា ការបិទធ្វើរបរនេសាទត្រីកាម៉ុង ឬត្រីផ្លាធូ នៅដែនសមុទ្រខេត្តកោះកុង នៅរដូវបិទនេសាទឆ្នាំនេះ គឺពុំមានតម្លាភាពចំពោះពួកគាត់នោះទេ ដោយពួកគាត់លើកហេតុផលព្រមគ្នាថា ចំពោះទូកនេសាទធំៗ របស់ជនបរទេស ដែលប្រើឧបករណ៍ស្វ័យប្រវត្តិខុសច្បាប់ជលផល នៅតែបន្តធ្វើរបរនេសាទ ក្នុងដែនសមុទ្ររាល់ថ្ងៃ ដោយមិនខ្វល់ពីសេចក្តីជូនដំណឹង របស់ក្រសួង និងមន្ទីកសិកម្មខេត្តកោះកុងនោះទេ។

ដោយឡែកចំពោះការមិនឲ្យនេសាទត្រីកាម៉ុងខាងលើនេះ លោក ឡាង គីរី អះអាងថា រដ្ឋបាលជលផល បានហាមតែទូកនេសាទមងត្រីកាម៉ុងណា ដែលមានប្រវែងចាប់ពី ២០០០ម៉ែត្រឡើងទៅ ហើយមានលក្ខណៈបែបសិប្បកម្ម។ ជាងនេះទៀត រដ្ឋបាលជលផលខេត្តកោះកុង បានហាមដាច់ខាតការចូលទៅធ្វើរបរនេសាទ នៅកន្លែង របស់សហគមន៍នេសាទនៅជិតឡាំដាំ គឺមិនឲ្យប្រជានេសាទណាម្នាក់ ចូលទៅធ្វើនេសាទជាដាច់ខាត ព្រោះបើមិនគោរពទៅតាមការជូនដំណឹង របស់រដ្ឋជលផលទេ មន្ត្រីជំនាញជលផល នឹងមានវិធានការទៅតាមផ្លូវច្បាប់។

បើតាមមន្ត្រីជលផលរូបនេះ ក្រុមការងាររបស់លោក​មិន​មានលទ្ធភាព​បង្ក្រាប​បទល្មើស​ទាំងនោះទេ ។ អ្វីដែលលោកអាចធ្វើបានក្រុមការងាររបស់លោកគ្រប់គ្រងតែទូកនេសាទរបស់ប្រជាពលរដ្ឋក្នុងស្រុក ដែលនេសាទ​នៅតាមមាត់ឆ្នេរតែប៉ុណ្ណោះ ។ ការនេសាទនៅឯដែនសមុទ្រឆ្ងាយៗ មិនមែនជាសមត្ថកិច្ចរបស់រដ្ឋបាលជលផលនោះឡើយ ។

ទន្ទឹមគ្នានេះ ប្រជានេសាទប្រកបរបរដាក់មងត្រីកាម៉ុងតាមបែបលក្ខណៈគ្រួសារ ក៏បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជួយទប់ស្កាត់ទូកនេសាទប្រើម៉ាស៊ីនធំៗ របស់អ្នកនេសាទមកពីប្រទេសជិតខាងកម្ពុជា មានទូកនេសាទជនជាតិវៀតណាម និងទូកនេសាទថៃ កុំឲ្យចូលមកនេសាទ ដោយប្រើឧបករណ៍ខុសច្បាប់អនាធិបតេយ្យ ដូចរាល់ថ្ងៃនេះជាបន្តទៀត ព្រោះតាមការសង្កេតឃើញថា ទិន្នផលត្រី ដែលពួកគាត់នេសាទបានជាលក្ខណៈគ្រួសារ គឺរាល់ថ្ងៃនេះ បានថយចុះជាលំដាប់ ជាពិសេសការនេសាទត្រីកាម៉ុង ឬត្រីប្លាធូរនេះឯង ។

ប៉ុន្តែបើតាមប្រជានេសាទខេត្តកោះកុងអះអាងថា សមត្ថកិច្ច​ច្រើន​ស្ថាប័ន​ដែលពាក់ព័ន្ធនឹងការអនុញ្ញាត​ឲ្យមានបទល្មើសនេសាទ​នៅក្នុងដែនសមុទ្រ ។ ពួកមន្ត្រីរដ្ឋបាលជលផល​ក៏ជាអ្នកទទួលបានលាភសក្ការពីអ្នកនេសាទជនបរទេសល្មើសច្បាប់នោះដែរ ។ ក្រៅពីនោះ មានមន្ត្រីយោធាធំៗ ដែលពួកឈ្មួញខ្សឹបខ្សៀវថា រួមមានលោក ទា សុខា ជាដើម ដែលជា​អ្នក​ចាត់ចែង​ធំជាងគេ ក្នុងរឿងបទល្មើសនេសាទនេះ ។ បើទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តកោះកុង ធ្វើហាក់ដូចជាមិនដឹងមិនឮចំពោះបញ្ហានេះ នៅគ្រាដែលប្រជាពលរដ្ឋទូទាំងប្រទេស​សុទ្ធតែដឹងថា ដែនសមុទ្រខ្មែរ ប៉ុន្តែ​ក្រោមកណ្តាប់ដៃអ្នកនេសាទ​បរទេស ៕ ហេង សូរិយា


ចែករំលែក៖