ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដេញប្រភិតចាប់ប្រភីង បានយុវជនពីរនាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ក្រោយពីបានបង្កហិង្សាវាយគ្នានៅនឹងមុខ ហ្សូក ក្លឹប កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខ ក្លឹបកម្សានហ្សូក ក្លឹប តាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
យុវជនទាំងពីរនាក់ ទី១៖អ្នករួមដំណើរ មានឈ្មោះ ប៉ុន សុភាព ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ នៅម្តុំចោមចៅ មានស្រុកកំណើត ស្រុកត្រាំកក់ ខេត្តតាកែវ ។ ទី២៖ជាម្ចាស់ម៉ូតូ មានឈ្មោះ ត្រអែម ពុទធារុណ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្តដឹកចិននៅម្តុំស្តុប ណតប្រីត ស្នាក់នៅក្រោយផ្សារពោធិចិនតុង ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ខេត្តតាកែវ ។
តាមការៀបរាប់ពីយុវជនទាំងពីរនាក់ បានឲ្យដឹងថា មុនកើតហេតុរូបគេមានគ្នាបួននាក់ជិះម៉ូតូពីរគ្រឿងមកចូលក្លឹបហ្សូក ដើម្បីរាំលេងសប្បាយ ខណៈនោះក៏មានបក្ខពួកមួយក្រុមទៀតមកញ៉ែស្រីរបស់ខ្លួនធ្វើឲ្យការខឹងសម្បារដាក់គ្នារៀងខ្លួន លុះដល់ម៉ោងកើតហេតុបាននាំគ្នាចេញមកក្រៅហើយបានកើតជាហិង្សា វាយគ្នាមួយប្រ៉ាវបង្កឲ្យមានរបួសស្រាលរៀងខ្លួន ដោយមើលទៅសភាពមិនស្រួល និងមានគ្នាតិចជាងបក្ខពួកម្ខាងទៀត រូបគេបាននាំគ្នាជិះម៉ូតូចេញពីកន្លែងកើតហេតុ ទៅហៅបក្ខពួកគេមួយក្រុមមកទៀតដើម្បីមកជួយឲ្យទៅវាយបក្ខ ពួកម្ខាងទៀតដែលមានគ្នាច្រើន ស្រាប់តែជិះម៉ូតូមកដល់ពាក់កណ្តាលផ្លូវស្តុបផ្សារដីហុយ ក៏បានប្រទះនឹងកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីល្បាតឃើញ ក៏បានចាប់ប្រភិតចាប់ប្រភីង ដេញមកដល់ចំណុចអាកាសយានដ្ឋានអន្តរជាតិពោធិចិនតុង ខណ្ឌពោធិសែជ័យ ត្រូវបានកម្លាំងនគរបាលឃាតុខ្កួនបានរួបគេពីរនាក់ រួមនឹងម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សង់ ស៊េរី០១៦ ពណ៌ក្រហម បិតតែម ១០១៩ ពាក់ស្លាកលេខ ភ្នំពេញ 1FP-5057ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខភ្លាមៗ ។ ចំណែកបក្ខពួករបស់ពួកគេមួយក្រុមទៀត នាំគ្នាបើកម៉ូតូគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្ន យុវជនទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចធ្វើតេស្តរកសារធាតុញៀន ក្រោយពីបានធ្វើតេស្តរកសារធាតុរួចមក ឈ្មោះប៉ុន សុភាព មានសារធាតុញៀនជាប់ខ្លួន ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ។ ចំណែកឈ្មោះ ត្រអែម ពុទធារុណមិនមានសារធាតុញៀនជាប់ខ្លួន ត្រូវបានសមត្ថកិច្ចឲ្យត្រឡប់ទៅផ្ទះវិញ រួមនឹងម៉ូតូមួយគ្រឿងផងដែរ ៕ សុខាសែនជ័យ