ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូចេញពីធ្វើការត្រូវរថយន្តបុកស្លាប់លើស្ពានលីយ៉ុងផាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធម័ ខណៈជិះម៉ូតូចេញ ពីធ្វើការនៅម្ដុំកោះដាច់ ត្រូវរថយន្តមិនស្គាល់ម៉ាក បុករួចបើកគេចបាត់ស្រមោល ។

ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោងជាង៦ល្ងាច ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩​ នៅចំណុចលើស្ពានលីយ៉ុងផាត់​ ស្ថិតក្នុងភូមិព្រែកតារត្ន័ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា ។

ជនរងគ្រោះ មានឈ្មោះ ម៉ៅ​ បញ្ញា ភេទប្រុស អាយុ ២៧ឆ្នាំ មុនរបរជាងឈើ ស្នាក់នៅភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានស្រុកកំណើត នៅខេត្តកំពង់ចាម ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតគេឃើញបុរសម្នាក់ជិះ ម៉ូតូឌ្រីម សង់ ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1.M4881ធ្វើដំណើរចេញពីធ្វើការនៅកោះដាច់ គោលបំណងត្រឡប់ទៅផ្ទះភូមិឌួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ តាមបណ្ដោយផ្លូវមហាវិថីឈ្នះៗ ក្នុងទិសដៅពីកើតទៅលិច ខណៈជិះមកដល់ចំណុចលើស្ពានលីយ៉ុងផាត់ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មានរថយន្តមិនស្គាល់ ម៉ាកមកបុកបណ្ដាលបោកក្បាលនៅ លើស្ពានបែកក្បាលស្លាប់ក្នុងថ្លុកឈាម ភ្លាមៗនោះដែររថយន្តបង្ករបានបន្ថែម ល្បឿនបើកចេញពីកន្លែងកើតហេតុ បាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅដល់វាស់វែង និងប្រគល់សពជនរងគ្រោះទៅឲ្យក្រុម គ្រួសារធ្វើបុណ្យតាមប្រពៃណីចំណែកម៉ូតូ ត្រូវសមត្ថកិច្ចយកទៅរក្សាទុករងចាំក្រុមគ្រួសារយកឯកសារមកផ្ទៀងផ្ទាត់ និងប្រគល់ជូនវិញ ៕ សុខាសែនជ័យ


ចែករំលែក៖