ព័ត៌មានទាន់ហេតុការណ៍៖

លោក ចាន់ យុត្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី ការបង្កើតគណៈកម្មការដឹកនាំ (Program Steering Committee/PSC) សម្រាប់អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរវិស័យកសិកម្មនៅកម្ពុជា ក្រោមកម្ចីឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី ការបង្កើតគណៈកម្មការដឹកនាំ (Program Steering Committee/PSC) សម្រាប់អនុវត្តកម្មវិធីការគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្ដូរវិស័យកសិកម្មនៅកម្ពុជា ក្រោមកម្ចីឥណទានសម្បទានពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងពាណិជ្ជកម្ម តំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ច តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) តំណាងសហភាពអឺរ៉ុប (EU) និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តកណ្តាល ។

ការរៀបចំបង្កើតគណៈកម្មការដឹកនាំ (PSC) នេះ គឺដើម្បីឆ្លើយតបទៅនឹងនីតិវិធីដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ ។ គណៈកម្មការដឹកនាំ នឹងដើរតួនាទីស្នូល ជាក្រុមប្រឹក្សាផ្តល់យោបល់ទូទៅ ជាពិសេសលើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេស តាមវិស័យពាក់ព័ន្ធ ដើម្បីធានាឲ្យបានថា ទាំងគោលនយោបាយ ទាំងបច្ចេកទេស ក៏ដូចជាសហប្រតិបត្តិការ ព្រមទាំងមានការគាំទ្រពីស្ថាប័នពាក់ព័ន្ធទាំងអស់ខាងលើ នឹងក្លាយទៅជាប្រភពធនធានចូល និងជាកាតាលិករដ៏សំខាន់ក្នុងការប្រតិបត្តិកម្មវិធី WAT4CAM ប្រកបទៅដោយសង្គតិភាព និងគ្រប់ជ្រុងជ្រោយ នាថ្ងៃអនាគតខាងមុខ ៕ សុខ ខេមរា


ចែករំលែក៖