ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដាក់ទិសដៅឲ្យកងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខសណ្តាប់

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ដែលខិតជិតចូលមកដល់ខាងមុខនេះ និងដើម្បីឆ្លើយតបតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌច្បារអំពៅ ក្រោមការដឹកនាំដោយលោក ចេង មុនីរ៉ា ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ បានបើកកិច្ចប្រជុំដាក់ផែនការ និងវិធានការរក្សាការពារសុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅមូលដ្ឋាន នារសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ។

លោក ចេង មុនីរ៉ា បានដាក់ផែនការឲ្យមន្ត្រីក្រោមឱវាទយកចិត្តទុកដាក់ ហាមឃាត់ដាច់ខាតមិនឲ្យមានការដុតផាវលេងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាមខាងមុខនេះ និងជំរុញដល់មន្ត្រីក្នុងមូលដ្ឋានត្រូវចូលរួមផ្សព្វផ្សាយអំពីគ្រោះអគ្គិភ័យ ដែលតែងតែផ្តើមចេញពីការធ្វេសប្រហែសភ្លើងទៀនធូប និងត្រូវចូលរួមទប់ស្កាត់ដាច់ខាតមិនឲ្យមានល្បែងស៊ីសងនៅតាមមូលដ្ឋាន ។

លោកបានរំលឹកដល់មន្រ្តីក្រោមឱវាទឲ្យយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់ តាមមូលដ្ឋានឲ្យបានល្អផងដែរ ។ លោកអភិបាលខណ្ឌ មានប្រសាសន៍ជំរុញដល់អស់លោក លោកស្រី ដែលមានភារកិច្ចជាអាជ្ញាធរតាមមូល ដ្ឋានត្រូវចូលរួមសម្រួលចរាចរណ៍ដល់អ្នកដំណើរ និងត្រូវថែរក្សាការពារ សន្តិសុខ ជុំវិញលំនៅឋាន ប្រជាពលរដ្ឋ កុំឲ្យមានបទល្មើសចោរកម្ម គាស់ផ្ទះលួចទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ ។

សូមបញ្ជាក់ថា មួយរយៈនេះ ខណ្ឌច្បារអំពៅ ដែលលោក លោក ចេង មុនីរ៉ា ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ បានបង្ក្រាបបទល្មើស គ្រប់មុខសញ្ញាដែលធ្វើសកម្មភាពបង្កបទល្មើសក្នុងមូលដ្ឋានបានជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ។ ក្នុងឱកាសនេះ លោកអភិបាលខណ្ឌ ក៏បានក្រើនរម្លឹកដល់មន្រ្តីក្រោមឱវាទត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានច្បាស់លាស់ ក្នុងការកំណត់រថយន្តធុនធំចេញ និងចូលរាជធានីភ្នំពេញ តាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ ៕ សណ្តោស


ចែករំលែក៖