ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី៥ ដែលត្រូវនឹង ថ្ងៃ១ កើត ខែមាឃ ប្រជាពលរដ្ឋក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីរកត្រីរួមក្នុងបឹងអភិរក្ស ដើម្បីត្រៀមឡើងមាឃ ឬ ឡើងអ្នកតា ដែលជាទំនៀមធ្វើជារៀងរាល់ឆ្នាំមិនខាន។ ពិធីនេះធ្វើឡើងនៅបឹងមួយ ដែលអ្នកភូមិតែងតែអភិរក្សទុកមិនអនុញ្ញាតឲ្យនេសាទផ្តេសផ្តាស់ចាប់ពីខែមិថុនា ដើម្បី រក្សាត្រីទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា។
តាមប្រសាសន៍របស់មេភូមិបង្កោង លោក ពេជ្រ ឃិន បានឲ្យដឹងថា ពិធីរកត្រីនេះ ធ្វើឡើងមួយឆ្នាំម្តង ជារៀងរាល់ខែមាឃ បន្ទាប់ពីឯកភាពពីចាស់ព្រឹទ្ធាចារ្យក្នុងភូមិ និង បានប្រកាសកំណត់ថ្ងៃរកត្រី ដើម្បីយកត្រីទៅធ្វើទឹកនំបញ្ចុកនិងធ្វើអាហាររួមសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតាទៅតាមទំនៀមដូនតាមក ។
លោកបន្តថា នៅក្នុងផ្ទៃបឹងទាំងមូលបានដាក់សម្រាស់ ២កន្លែង ហើយត្រីដែលចាប់បាននៅបរិវេណខាងក្រៅប្រជាពលរដ្ឋអាចយកទៅធ្វើម្ហូបហូបជាលក្ខណៈគ្រួសារ រីឯត្រីចាប់ក្នុងសម្រាស់ត្រូវទុករួមសម្រាប់ធ្វើទឹកនំបញ្ចុក ។ ចំណែកពេលវេលាមិនអាចកំណត់យកថ្ងៃណាមួយជាក់លាក់បានទេ ដោយអាស្រ័យលើទឹកបឹង បើសិនទឹកបឹងនៅច្រើនក៏ពន្យាពេល រង់ចាំទឹកបឹងរីងដើម្បីអាចចាប់ត្រីបានច្រើន តែឆ្នាំនេះទឹកសមល្មមអាចឲ្យប្រជាពលរដ្ឋធ្វើការនេសាទត្រីបាន និង ចំពេលវេលាល្មម ។
លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកួកប្រកាសឲ្យនេសាទ អ្នកភូមិបានត្រៀមនូវឧបករណ៍សម្រាប់នេសាទបែបបុរាណ មានសំណាញ់ ឈ្នាង អង្រុត មកចាំកុះករនៅមាត់បឹង ហើយប្រជាពលរដ្ឋមួយចំនួនមកតាំងពីម៉ោង១២យប់ អ្នកខ្លះក្រោកមកតាំងពីម៉ោង៣ ម៉ោង៤មកម្ល៉េះ។ នៅឆ្នាំនេះកម្មវិធីនេសាទត្រីចាប់ផ្តើមនៅវេលាម៉ោង៧ ដោយមានគណៈកម្មការចាំប្រកាសមេក្រូ និង បាញ់កាំជ្រួញជាសញ្ញា។
លោកបន្ថែមថា អ្នកភូមិដែលមកនេសាទទាំងអស់នោះមិនផ្តោតតែលើរកត្រីមួយមុខនោះដែរ គឺមកជួបជុំ សប្បាយរីករាយ និង មានសាមគ្គីភាពកាន់តែស្និទ្ធិស្នាលរវាងប្រជាពលរដ្ឋនៅក្នុងភូមិថែមទៀតផង ។
បងស្រី ហេន ទេត អ្នកភូមិបង្កោង បានឥ្យដឹងថា គ្រួសារបងស្រីក៏ដូចប្រជាពលរដ្ឋផ្សេងទៀតមកនេសាទត្រី ហើយយកត្រីដែលរកបានមួយចំនួនយកទៅធ្វើទឹកនំបញ្ចុក ដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតា និង មួយចំនួនទៀតសម្រាប់ធ្វើម្ហូប ។ បងស្រីបញ្ជាក់ថា ការរកត្រីឡើងមាឃនេះមានជាយូរមកហើយ ចាស់ៗក្នុងភូមិបានធ្វើតគ្នាពីជំនាន់មួយទៅជំនាន់មួយ ហើយពិធីនេះនៅគង់វង្សដោយសារតែអ្នកភូមិបន្តប្រតិបត្តិរហូតមកដល់សព្វថ្ងៃ នឹងបន្តទៅជំនាន់ក្រោយៗទៀត ។
សូមរំឭកផងដែរថា តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ ដែលសម្បូរទៅដោយមរតកអរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។ ពិធីបុណ្យឡើងមាឃឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ប្រពៃណីមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនប្រតិបត្តិដោយអ្នកស្រុកអង្គរ ៕ ប៊ុនរិទ្ធី