ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធ លួចគាស់ទូដែក យកលុយ និងសម្ភារ សរុបជិត១ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅព្រឹក ថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលនគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនតាមបណ្ដឹង របស់ម្ចាស់បណ្ដាគារព្រះវិហារ ពាក់ព័ន្ធនឹងជនសង្ស័យលួចគាស់ទូដែកលួចយកលុយ និងសម្ភារមួយចំនួន គិតជាទឹកប្រាក់ជិត១ម៉ឺនដុល្លារ ។

គួររំលឹកថា លោកឧត្តមសេនីយ៍ត្រី ភឹង ចន្ដារ៉េត ស្នងការរង បានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ទូដែក យកលុយ និងសម្ភារ មួយចំនួនកាលពីវេលាម៉ោង ២៣ យប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅបណ្ដាគារព្រះវិហារ ដោយម្ចាស់បណ្ដាគារ ឈ្មោះ ជា រ័ត្នមន្នី ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅក្នុងភូមិ សាលាកន្សែង សង្កាតស្វាយដង្គុំ ក្រុងសៀមរាប បានបញ្ជាក់ប្រាប់ថា ជនសង្ស័យលួចយកប្រាក់អស់៥ពាន់ដុលា្លរ នាឡិការ៤០គ្រឿង ទូរស័ព្ទ១គ្រឿង ម៉ាក Iphone 6pl use ពណ៌មាស ។

រហូតដល់ថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ២០១៩ នគរបាលស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យ ឈ្មោះ លាង សាវុធ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅដ្ឋាន នៅភូមិ ទួលត្នោត ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល យកមកសួរនាំ ត្រូវជនសង្ស័យសារភាពថា ខ្លួនគេពិតជាបានធ្វើសកម្មភាពចូលតាមបង្អួចក្រោយ យកញញួរ និង ទុយណឺវិស របស់ជាងសំណង់នៅក្បែរនោះគាស់ទូដែក យកប្រាក់បាន១ពាន់ដុល្លារ ប្រាក់ខ្មែរ១លានរៀល , នាឡិការដៃ៧គ្រឿង, ទូរស័ព្ទ ម៉ាក Iphone 6pl use ពណ៌មាស១គ្រឿង បន្ទាប់មក រត់គេចខ្លួន រហូតដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវសមត្ថកិច្ចឃាត់តែម្ដង។

លោកស្នងការរងបានបន្ដថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួចដកហូតវត្ថុតាង រួមមាន ទូរស័ព្ទ ម៉ាក Iphone 6pl use ពណ៌មាស១គ្រឿង, ខ្សែដៃ១ខ្សែ , លុយ ៥០០ដុល្លារ ដោយពិនិត្យឃើញថា លុយសុទ្ធ២០០ដុល្លារ លុយសែន ៣០០ដុល្លារ លុយខ្មែរ១លានរៀល , នាឡិការ៧គ្រឿង ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូន ទៅតុលាការកាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ៕ប៊ុនរិទ្ធី


ចែករំលែក៖