បាងកក៖ លទ្ធផលប្រតិបត្តិការអាជីវកម្ម ឆ្នាំ២០១៨ របស់ក្រុមហ៊ុន អេសស៊ីជី (SCG) បានបង្ហាញថា ប្រាក់ចំណេញជារួមពីអាជីវកម្មសារធាតុគីមីមានការថយចុះ បើទោះបីជាអាជីវកម្មវេចខ្ចប់បានបង្ហាញឲ្យឃើញពីកំណើនខ្លាំងជាប់ជានិច្ច ហើយអាជីវកម្មស៊ីម៉ងត៍-សម្ភារសំណង់មានដំណើរការយ៉ាងល្អ។
SCG កំពុងព្យាយាមជំរុញយុទ្ធសាស្ត្រដ៏សំខាន់ចំនួន២ក្នុងឆ្នាំ២០១៩ ដោយផ្តោតលើស្ថិរភាពហិរញ្ញវត្ថុ និងការគ្រប់គ្រងកំណើនរយៈពេលវែង តាមរយៈការផ្ដល់នូវសេវាកម្មគ្រប់ជ្រុងជ្រោយ និងគំរូអាជីវកម្មថ្មីដែលប្រើប្រាស់បច្ចេកវិទ្យាឌីជីថលស៊ីជម្រៅ និងសហការជាមួយនឹងក្រុមហ៊ុនអាជីវកម្មថ្មីឈានមុខគេក្នុងតំបន់ ក៏ដូចជាជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទូទាំងពិភពលោក។ ទន្ទឹមនឹងនេះ អេសស៊ីជី កំពុងស្វែងរកឱកាសថ្មីៗដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជននៅក្នុងតំបន់។
លោក Roongrote Rangsiyopash ជាប្រធាន និងនាយកប្រតិបត្តិរបស់អេសស៊ីជី បានបង្ហាញនូវលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំ ២០១៨ ដែលក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចមានទំហំទឹកប្រាក់ ៥៩.៩៣០ ពាន់លានរៀល (១៤.៨០៨ លានដុល្លារ) គឺបានកើនឡើង ៦ភាគរយ បើធៀបនឹងឆ្នាំមុន។ ប្រាក់ចំណេញសម្រាប់ឆ្នាំ ២០១៨ គឺមានចំនួន ៥.៦០៥ ពាន់លានរៀល (១.៣៨៥ លានដុល្លារ) ដែលបានធ្លាក់ចុះ ១៩ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលលោក ពោលគឺសង្គ្រាមពាណិជ្ជកម្ម ទីផ្សារប្រេងឡើងចុះ និងការកើនឡើងនូវតម្លៃប្រាក់បាតរបស់ថៃ ដែលធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មជារួមរបស់អេសស៊ីជី។
ក្នុងឆ្នាំ ២០១៨ ប្រាក់ចំណូលពីការលក់ផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) មានទំហំទឹកប្រាក់ ២៣.១៦៩ ពាន់លានរៀល (៥.៧២៥ លានដុល្លារ) ដែលបានកើនឡើង ៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៧ ហើយស្មើនឹង ៣៩ភាគរយ នៃប្រាក់ចំណូលសរុបពីការលក់។ ការចំណាយលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍នវានុវត្តន៍មានទំហំទឹកប្រាក់សរុប ៥៨៥ ពាន់លានរៀល (១៤៥ លានដុល្លារ) ឬស្មើនឹង ១ភាគរយ នៃប្រាក់ចំណូលសរុបពីការលក់។
ប្រាក់ចំណូលពីការលក់របស់អេសស៊ីជីសម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៨ គឺមានទំហំទឹកប្រាក់ ១៤.៤៨៣ លានរៀល (៣.៥៧២ លានដុល្លារ) ដែលបានធ្លាក់ចុះ ៤ភាគរយ បើធៀបនឹងត្រីមាសទីបី ដោយសារតែការធ្លាក់ចុះនូវតម្លៃផលិតផលគីមី ។ ទោះជាយ៉ាងណា ប្រាក់ចំណូលសម្រាប់ត្រីមាសទីបួន ឆ្នាំ ២០១៨ គឺបានកើនឡើង ៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដោយសារតើកំណើននៃការលក់សារធាតុគីមី និងកំណើនលូតលាស់នៃអាជីវកម្មស៊ីម៉ងត៍-សម្ភារសំណង់ នៅក្នុងស្រុក។ ប្រាក់ចំណេញក្នុងត្រីមាសទី ៤ នេះគឺមានទំហំទឹកប្រាក់ ១.២៩៣ ពាន់លានរៀល (៣១៩ លានដុល្លារ) គឺបានកើនឡើង ១១% បើធៀបនឹងត្រីមាសទី ៣ ដោយសារតែការរួមចំណែកនៃភាគលាភតាមរដូវកាលដែលបានមកពីអាជីវកម្មវិនិយោគនៅក្នុងត្រីមាសទី ៤ ឆ្នាំ ២០១៨ ប៉ុន្តែ កម្រិតប្រាក់ចំណេញនេះបានធ្លាក់ចុះ ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលការធ្លាក់ចុះនេះគឺដោយសារតែការធាក់ថយរបស់អាជីវកម្មគីមី។ ប្រាក់ចំណេញរបស់អេសស៊ីជីដែលបានមកពីការលក់នាំចេញមានទំហំទឹកប្រាក់ ១៦.៣៩៦ លានរៀល (៤.០៥១ លានដុល្លារ) ដែលស្មើនឹង ២៧% នៃប្រាក់ចំណូលសរុបពីការលក់ និងដែបានកើនឡើង ៦ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
នៅក្នុងទីផ្សារប្រទេសកម្ពុជា ប្រាក់ចំណូលពីការលក់សម្រាប់ត្រីមាសទី ៤ ឆ្នាំ ២០១៨ របស់ក្រុមហ៊ុនអេសស៊ីជី គឺមានទំហំទឹកប្រាក់ ៣៩១ ពាន់លានរៀល (៩៦ លានដុល្លារ)។ ប្រាក់ចំណូលពីការលក់ក្នុងឆ្នាំ ២០១៨ មានទំហំទឹកប្រាក់ ១.៦០៣ ពាន់លានរៀល (៣៩៦ លានដុល្លារ) ដែលបានកើនឡើង ១៥ភាគរយ បើធៀបនឹងឆ្នាំ ២០១៧។
ដោយមើលឃើញពីការលូតលាស់នូវវិស័យសំណង់ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនអេសស៊ីជី ក្នុងនាមជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់ឈានមុខគេ និងដោយមានការសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំនូវការប្រកួតជាងសំណង់ថ្នាក់ជាតិក្នុងរាជធានីភ្នំពេញ ដើម្បីជួយគាំទ្រដល់ការអភិវឌ្ឍន៍ជាងសំណង់ និងឧស្សាហកម្មសំណង់។ ជាងសំណង់ចំនួន ៨ ក្រុម បានចូលរួមនៅក្នុងវគ្គផ្ដាច់ព្រាត់ ដើម្បីស្វែងរកកំពូលជាងកំបោរ និងជាងដំបូលប្រចាំប្រទេសកម្ពុជា។ ក្រោយពេលការប្រកួតនេះ បេក្ខជននឹងចូលរួមនៅក្នុងសេវាផ្គូផ្គងជាងសំណង់របស់អេសស៊ីជីក្នុងនាមជាជាងសំណង់ដែលយើងណែនាំដល់ម្ចាស់គម្រោងសាងសង់។ នៅក្នុងឆ្នាំ ២០១៩ អេសស៊ីជីមានគម្រោងពង្រីកកម្មវិធីនេះ ដើម្បីបានគ្របដណ្ដប់លើសម្ភារសំណង់ផ្សេងទៀត ដូចជា ស្មាតបតអេសស៊ីជី និងស្មាតវូដអេសស៊ីជី ដែលទាំងនេះអាចជួយឲ្យជាងសំណង់បានរៀននូវជំនាញថ្មីៗ និងរកប្រាក់ចំណូលបានកាន់តែច្រើនជាងមុន៕ វឌ្ឍនា